Monday, November 6, 2017

អ្នក​ជំនាញ និង គ.ជ.ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ ខណៈ​ថ្ងៃ​បិទ​បញ្ជី​ជិត​មក​ដល់

មុន​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​មក​ដល់ អង្គការ​ជំនាញ​ខាង​កិច្ច​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ ហើយ​មិន​ទាន់​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​វិច្ឆកា ខាង​មុខ​នេះ។ គ.ជ.ប បញ្ជាក់​ថា អ្នក​មិន​បាន​ចុះ​ឈ្មោះ នឹង​មិន​មាន​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ទេ។
លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (និកហ្វិក) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន និង​អ្នក ដែល​គ្រប់​អាយុ​១៨​ឆ្នាំ អញ្ជើញ​មក​ចុះ​ឈ្មោះ​ទាំង​អស់​គ្នា ព្រោះ​ការ​ចុះ​ឈ្មោះ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។
លោក​លើក​ឡើង​ថា បើ​មិន​បាន​មក​ចុះ​ឈ្មោះ​នៅ​ពេល​នេះ​ទេ នោះ​មិន​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ឡើយ។ លោក សំ គន្ធាមី បន្ថែម​ថា​ចំពោះ​អ្នក​ក្រៅ​ប្រទេស ដូច​ជា​នៅ​ត្រឹម​ប្រទេស​ថៃ ជា​ដើម បើ​អាច​មក​ចុះ​ឈ្មោះ​បាន គួរ​តែ​អញ្ជើញ​មក​ឲ្យ​បាន​គ្រប់​គ្នា។
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នេះ​ថា​ គ.ជ.ប ធ្លាប់​រំពឹង​ថា​នឹង​មាន​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឱកាស​ធ្វើ​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៧​នេះ ប្រមាណ​៥០​ម៉ឺន​នាក់។ ប៉ុន្តែ​តួ​លេខ​ជាក់​ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤៩​ម៉ឺន​នាក់​ ឬ​ស្មើ​នឹង​៣០.០៥​ភាគ​រយ​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា។
លោក​បញ្ជាក់​ថា បើ​បូក​នឹង​ចំនួន​អ្នក​បាន​មក​ចុះ​ឈ្មោះ​កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​៨១.៣៨​ភាគ គឺ​បាន​កើន​មក​ដល់​៨២​ភាគ​រយ។ អ្នក​នាំ​ពាក្យ​បន្ថែម​ថា នេះ​គឺ​ជា​តួ​លេខ​នៃ​អ្នក ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខ្ពស់​ជាង​គេ​ប្រៀប​ធៀប​នឹង​ប្រទេស​នានា ដែល​មាន​ការ​បោះ​ឆ្នោត​ដូច​ប្រទេស​កម្ពុជា។​
សូម​ជម្រាប​ជូន​ថា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៧ បាន​ប្រព្រឹត្តិ​ទៅ​ចាប់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ តាម​ការ​ប៉ាន់​ស្មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ក្នុង​ការ​ចុះ​ឈ្មោះ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​នេះ ប្រមាណ​១​លាន​៦​សែន​នាក់។
លោក សំ គន្ធាមី បាន​លើក​ឡើង​ដោយ​យោង​លើ​តួ​លេខ​របស់ គ.ជ.ប ថា​មាន​ពលរដ្ឋ​ប្រមាណ​៧០​ភាគ​រយ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ។ លោក​កត់​សម្គាល់​ថា​អ្នក​នៅ​ក្នុង​ស្រុក​បាន​មក​ចុះ​ឈ្មោះ​ភាគ​ច្រើន ហើយ​អ្នក​ដែល​មិន​បាន​ចុះ​គឺ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស។ អ្នក​ជំនាញ​ខាង​ការ បោះ​ឆ្នោត​រូប​នេះ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់​ទៀត ដែល​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។
លោក​ហង្ស ពុទ្ធា​អ្នក​នាំ​ពាក្យ​គ.ជ.ប ​សង្ឃឹម ថា​ប្រជាពលរដ្ឋ​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន នៅ​កៀក​ថ្ងៃ​បិទ​បញ្ចប់​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រៀប​ចំ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៧​នេះ៕

រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​អើ​ពើ​ចំពោះ​ឱសានវាទ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ដែល​នឹង​ផុត​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា

សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​នេះ ជា​ថ្ងៃ​កំណត់​ឲ្យ​ដោះ​លែង​លោក​កឹម សុខា តាម​ឱសាទវាទ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​​ដ៏​​មាន​​ឥទ្ធិពល​​ម្នាក់ បើ​កម្ពុជា​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក។ បើ​ទោះ​បី​ជិត​ផុត​ឱសាទវាទ​ក៏​ដោយ ក៏​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​អើ​ពើ​នឹង​បន្ត​មិន​ចាប់​អារម្មណ៍​ចំពោះ​ឱសាទវាទ​នោះ​ឡើយ។
អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​លោក​ផៃ ស៊ីផាន បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ឲ្យ​តម្លៃ និង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ដាក់​ឱសាទវាទ​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​​អាមេរិក​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ត្រឹម​ថ្ងៃ​ទី​៩ វិច្ឆិកា​នោះ​ទេ។ នេះ ក៏​ព្រោះ​លោក​ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​នោះ គ្មាន​សិទ្ធិ​អំណាច​អ្វី​មក​ដាក់​ឱសាទវាទ​ដល់​រដ្ឋ​អធិបតេយ្យ​នោះ​ឡើយ។
ការ​បង្ហាញ​អាកប្បកិរិយា​ព្រងើយ​កន្តើយ​របស់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​នេះ​កើត​ឡើង បន្ទាប់​ពី​លោក​ថេត ហ្គ្រូស ​(TED CRUZ) ​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក ​មក​​ពី​​គណបក្ស​​សាធារណៈរដ្ឋ​​របស់​លោក ​ដូ​ណា​ល់ ត្រាំ​ បាន​ដាក់​​ឱសានវាទ​​ឲ្យ​​រដ្ឋាភិបាល​​ទីក្រុង​​ភ្នំពេញ​ឲ្យ​ដោះ​លែង​​លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​ប្រឆាំង ​ត្រឹម​​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​​មុខ​​នេះ ​បើ​​មិន​​ដូច្នោះ​​ទេ​លោក​រួម​ជាមួយ​សហការី​របស់​ខ្លួន​ទាំង​នៅ​ក្នុង​រដ្ឋសភា និង​រដ្ឋបាល​របស់​លោក Trum និង​ពិនិត្យ​មើល​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជាក់​លាក់​មួយ​ចំនួន​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ទាំង​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នោះ​ទេ។
លោក​ផៃ ស៊ីផាន ហៅ​ឱសាទវាទ​នេះ​គ្រាន់​តែ​ជា​ខ្លា​ក្រដាសៗ ដោយ​សារ​តែ​លោក​យល់​ថា អាមេរិក​ធ្លាប់​ដាក់​ឱសាទវាទ​ដល់​ប្រទេស​មួយ​ចំនួន​កន្លង​មក​ដែរ តួ​យ៉ាង​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​មិន​ដែល​ធ្វើ​ស្អី​គេ​កើត​ផង។ សម្រាប់​លោក​ផៃ ស៊ីផាន បើ​ទោះ​បី​អាមេរិក​ដាក់​ទណ្ឌកម្ម​មិន​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ចូល​ទឹក​ដី​អាមេរិក​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ប៉ះ​ពាល់​អ្វី​ដែរ។ នេះ​ក៏​ព្រោះ​ថា មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ភាគ​ច្រើន​ចូល​ទៅ​ទឹក​ដី​អាមេរិក គឺ​គ្រាន់​តែ​ទៅ​ក្នុង​លក្ខណៈ​ដំណើរ​កម្សាន្ត​តែ​ប៉ុណ្ណោះ។
លោក​កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​កម្ពុជា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ប្រកាន់​ក្បត់​ជាតិ។ ជា​បទ​ចោទ​ដែល​លោក​កឹម សុខា និង​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទាត់​ចោល។ ចំពោះ​ការ​ចាប់​ប្រមុខ​បក្ស​ប្រឆាំង​នេះ លោក​ថេត ហ្គ្រួស បាន​ចាត់​ទុក​ថា មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​​និង​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។ បើ​តាម​លោក​ថេត ហ្គ្រួស​ការ​មិន​ព្រម​ដោះ​លែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការ​មិន​លំអៀង​ណា​មួយ ឬ​ប្រទេស​ណា​មួ

ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ចូល​សេចក្ដី​សម្រេច​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជជែក

សេចក្ដី​សម្រេច​លេខ​២៧៩ ផ្ដួចផ្ដើម​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បី​រូប គឺ​លោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និង​លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ឥឡូវ​នេះ ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​អាមេរិកាំង​នា​ពេល​ខាងមុខ​នេះ​ហើយ។
ប្រសិនបើ​អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើងវិញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោលទោស​ជា​ផ្លូវការ នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជាបន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ អាច​រីកចម្រើន និង​លូតលាស់​ទៅមុខ​បាន​ល្អ។
បន្ថែម​ពីលើ​នេះ សេចក្ដី​សម្រេច​ដដែល​នេះ តម្រូវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិកាំង ពិចារណា​ដាក់​បញ្ចូល​រាល់​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​នយោបាយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ឈ្មោះ​ជនបរទេស​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ជនជាតិ​អាមេរិកាំង ដែល​ហៅ​កាត់​ថា «SDN»
ចំណុច​ចុងក្រោយ នៃ​សេចក្ដី​សម្រេច ក្រៅពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ សេចក្ដី​សម្រេច​លេខ ២៧៩​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ តវ៉ា និង​បញ្ចេញមតិ​នានា​ប្រឆាំង​រដ្ឋាភិបាល។ សេចក្ដី​សម្រេច​នេះ គាំទ្រ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​កំណែទម្រង់​ពាក់ព័ន្ធ នឹង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​ឲ្យ​មាន​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​ត្រូវ​បាន​ចូលរួម​តាមដាន​ពី​សំណាក់​អ្នកឃ្លាំមើល​អន្តរជាតិ៕

ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ហៅ​ការ​បោះឆ្នោត​ជាតិ​២០១៨​ «គ្មាន​ន័យ» បើ​គ្មាន​បក្ស​សង្រ្គោះ​ជាតិ


ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ផ្តល់​សេចក្តីទុកចិត្ត​ដល់​គណបក្ស​ប្រឆាំង​ បាន​ថ្លែង​ថា នឹង​ធ្វើ​ពហិកា​មិន​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​លោក​សម រង្ស៊ី​ និង​លោក​ កឹម សុខា ត្រូវ​រំលាយ។ ពួកគេ​និយាយ​ថា​ ការ​បោះឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រឆាំង គឺ​ជា​ការ​បោះឆ្នោត​មួយ​គ្មាន​ន័យ​ និង​ឥត​តម្លៃ​សម្រាប់​ពួកគេ។
អង្គុយ​ក្នុង​អង្រឹង​ជាមួយ​ចៅ​ប្រុស​ម្នាក់​ នៅ​ក្នុង​តូបលក់​សាំង​មួយ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ លោកស្រី​ ហ៊ាង​ ង៉ែត ជា​អ្នកធ្លាប់​ចូលរួម​តវ៉ា​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ ជាមួយ​លោក​ ជា វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​ ២០០៤។
លោកស្រី ហ៊ាង ង៉ែត អាយុ​៥៤​ឆ្នាំ បាន​លើក​ឡើង​ថា បើគ្មាន​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ទេ​ លោកស្រី​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ឡើយ។
ដោយ​បារម្ភ​ពី​សុវត្ថិភាព លោកស្រី ង៉ែត បាន​ប្រាប់​ VOA ដោយ​មិន​ឲ្យ​ថត​សំឡេង​នៅ​ក្នុង​ន័យ​ដើម​ថា៖
«បើ​អត់​បក្សប្រឆាំង អត់​បោះ​ ព្រោះ​ខ្ជិល​ ព្រោះ​មាន​តែ​មួយ»។
លោកស្រី​ថ្លែង​បន្ត​ថា​ ទោះ​បី​មាន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត ក្រៅ​ពី​គណបក្ស​សង្គ្រោះជាតិ​ ក៏​លោក​ស្រី​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ដែរ។ លោកស្រី​បាន​ថ្លែងក្នុង​ន័យ​ដើម​ថា៖
«បើ​មាន​បក្សប្រឆាំង​ផ្សេង​ទៀត​ តែ​មិន​មែន​របស់​លោក​ សម រង្ស៊ី​ ឬលោក​ កឹម​ សុខា​ ខ្ញុំ​អត់​ទៅ​បោះ​ទេ»​។
ម្ចាស់​ឆ្នោត​ម្នាក់​ទៀត មក​ពី​ស្រុក​សំរោងទង​នៅ​ក្នុង​ខេត្តកំពង់​ស្ពឺ​ដដែល លោកស្រី ហែម លីដា បាន​បន្ទរ​តាម​យោបល់​របស់​លោកស្រី ហ៊ាង​ ង៉ែត​ ថា​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​ នឹង​ក្លាយ​ជា​រឿង​ឥត​ន័យ​ ប្រសិន​បើ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។
«​អត់ន័យទេ​អូន។ ព្រោះអី​ការ​មាន​គណបក្ស​ប្រឆាំង​គឺជួយ​ពង្រឹង​ស្មារតី​កូន​ខ្មែរ​ខ្លះ​។ អ្នក​ខ្លះ​ក៏​គេ​ចាប់​អារម្មណ៍​ អ្នក​ខ្លះ​ក៏​គេ​អត់​បាន​ចាប់​អារម្មណ៍​លើ​ការ​សង្គ្រោះជាតិ​ជាតិ​យើង​ ដូច​ថា​ បើ​បណ្តោយ​ឲ្យ​តែ​គណបក្ស​ម្ខាង​ឈរ​ឈ្មោះ​អីចឹង​ទៅ​ អាច​ហ្នឹង​ ដូចថា​ ធ្វើ​អី​ស្រេច​ចិត្ត​ណ៎ា​។ បើ​មាន​គណបក្ស​ប្រឆាំង​ ចូលរួម​ខ្លះ​អាច​ល្អ​ច៎ា»។
ប្រទេស​កម្ពុជា​ បាន​កំណត់​យក​ថ្ងៃអាទិត្យ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ២០១៨ ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​តំណាងរាស្រ្ត សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ ស្រប​តាម​ច្បាប់​ស្តីពី​ការ​រៀបចំ​ការបោះឆ្នោត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​។
នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ដែល​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា​ ​ជា​ឆ្នាំ​សំខាន់​បំផុត​នៃ​ការ​ឈ្នះចាញ់​របស់​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង រដ្ឋាភិបាល​ខ្មែរ​របស់​លោក​ ហ៊ុន សែន​ បាន​ផ្តើម​ការ​បង្ក្រាប​លើ​ស្ថាប័ន​ពង្រឹង​ប្រជាធិបតេយ្យ​នានាគំាទ្រដោយ​សហរដ្ឋ​អាមេរិក​ ដែល​មិន​ធ្លាប់​មាន​ពីមុន​ គិត​ចាប់​តាំង​ពីការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា​ (អ៊ុនតាក់)។

អាជ្ញាធរ​កម្ពុជា​ ក៏បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ កឹម សុខា​ ក្រោម​បទ​សង្ស័យ​ថា​ បាន​សម​គំនិត​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ស្មើនឹង​អំពើ​ក្បត់​ជាតិ។
តុលាការ​កំពូល​របស់​កម្ពុជា ក៏​កំពុង​ធ្វើ​ការ​លើ​រឿងក្តី​រំលាយ​គណបក្ស​ប្រឆាំង​ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ខាង​មុខ។ លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា បក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​រំលាយ​នា​ពេល​នោះ ដោយ​លោក​អំពាវនាវ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​រក្សា​មុខ​តំណែង​ និង​តួនាទី​របស់​ខ្លួន។
បន្ថែម​លើ​ដំណើរ​ការ​រំលាយ​បក្សប្រឆាំង លោក​ហ៊ុន សែន​ ដែល​ដឹក​នាំ​ប្រទេស​កម្ពុជា​ជាង​៣០​ឆ្នាំ​ កាល​ពី​ពេលថ្មីៗ​នេះ​ បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់ ​នឹង​ត្រូវ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ នៅ​ពេល​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយនា​ពេល​ខាង​មុខ។​

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​ប្រាប់​ VOA ​កាល​ពីដើម​សប្តាហ៍​នេះ​ថា​ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨​ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ទោះ​បី​គ្មាន​វត្តមាន​គណបក្ស​សង្រ្គោះជាតិ​ក៏​ដោយ។
លោក​មាន​ប្រសាសន៍​ថា៖
«យើង​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុ​បក្ស​។​ អីចឹង​ មិន​មែន​អត់​ពី​បក្ស​មួយ​ទៅ​គណបក្ស​ដទៃ​ទៀត​ ស្លាប់​អស់​ទេ​។​ បាទ​អីចឹង​ទេ​ យើង​នៅ​តែ​ សេរី ពហុបក្ស​ដដែល​ វា​អត់​មាន​បញ្ហា​អី​ អត់​ពី​គណបក្ស​សង្គ្រោះជាតិ​មួយ​ទៅ​ គឺថា​ គេ​ធ្វើ​ការ​បោះ​ឆ្នោត​ មិន​កើត​នោះ​ គឺ​ថា​មិន​មាន​ន័យ​អីចុង​ទេ​បាទ»។
អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ ថ្លែងបន្ត​ទៀត​ថា​ ការ​បដិសេធ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​របស់​មនុស្ស​មួយ​ចំនួន​នឹង​គ្មាន​ឥទ្ធិពល​អ្វី​ជា​ដុំ​កំភួន​មក​លើ​ការ​បោះ​ឆ្នោត​នោះ​ឡើយ។
«អ្នក​ដែល​គំរាម​មិន​ទៅ​បោះ​ឆ្នោត​នោះ​វា​ចំនួន​តិច​តួច​ទេ​បាទ​ ព្រោះ​កន្លង​ទៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ វា​រហូត​ដល់​ ៩១​ភាគរយ​ ដែល​បាន​ទៅ​បោះ​ឆ្នោត។ ដូច្នេះ​ យើង​មិន​ព្រួយ​បារម្ភ​ទេ​ អ្នក​បន្តិច​បន្តួច​ ដោយ​យក​តាម​អានេះ​ គេ​ហៅ​ថា និន្នាការ​នយោបាយ​ អាហ្នឹង​គឺ​ថា វា​មិន​អាច​ តែ​លើស​ចាប់​ពី​៦០​ភាគរយ​ យើង​ចាត់​ទុក​ថា​ វា​ជា​ជ័យ​ជម្នះ​ដ៏​ធំធេង​ហើយ​ ការ​បោះឆ្នោត​នោះ។​ មាន​ប្រទេស​ខ្លះ​ហ្នុង​ បោះ​មិន​ដល់​ ៤០ភាគរយ​ផង​ វា​ចាត់​ទុក​ជា​បាន​ការ​ដដែល​ អាហ្នឹង​យើង​គិត​មើល»។
តែទោះ​ជា​យ៉ាងណា​ក្តី​ ​ម្ចាស់​ឆ្នោត​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​ VOA ​បន្ត​ទាំង​ក្តី​ភ័យ​ខ្លាច​ថា​ ប្រសិន​បើគ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខ​ពួកគេ​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​នេះ​ឡើយ។
លោក​ សឿន វ័យ​ ៥៥​ឆ្នាំ រស់​នៅ​ក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​សុំ​ផ្តល់​តែឈ្មោះ​ហៅ​ក្រៅ​ ដោយបារម្ភពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​ បាន​ថ្លែង​ថា​ ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ចូល​រួម​ នឹង​បង្ហាញ​ថា​ ការ​បោះឆ្នោត​នោះ​គ្មាន​ភាព​យុត្តិធម៌​ និង​ធ្វើ​ឲ្យអ្នក​បោះឆ្នោត​ផ្សេង​ទៀត​ បោះ​ចោល​សន្លឹក​ឆ្នោត​របស់​ពួកគេ​។ លោក​បាន​និយាយ ដោយ​មិន​ឲ្យ​ថត​សំឡេង​នៅ​ក្នុង​ន័យ​ដើមថា៖
«​ភាគី​ចង់​ចាញ់​ឈ្នះ​ ទាល់​តែមាន​ភាគី​សងខាង​។ បើ​ឈរ​មា្នក់​ឯង​ មាន​អ្នក​ណា​ទៅ​បោះ»។
លោក​ សឿន​បាន​បន្ត​ទៀត​ថា​ ទាក់​ទិន​នឹង​ជម្លោះ​នយោបាយ​នាពេល​បច្ចុប្បន្ន​ បាន​ធ្វើ​ឲ្យលោក​ខក​ចិត្ត​ ហើយ​ថា​ អ្នកនយោបាយ​ខ្មែរមិន​ចោល​ទម្លាប់​ដើម​នៃ​ការ​ចង​ពៀរ​គ្នា​ទៅ​វិញ​ ទៅ​មក​ដើម្បី​ឡើង​កាន់​អំណាច​។​ លោក​បាន​និយាយ​តាម​ន័យដើម​ថា៖​
«ខ្ញុំ​បាន​ឆ្លង​កាត់​ច្រើន​សង្គម។​ ចង់​ចាញ់​ឈ្នះ​ធ្វើ​ធំ​ កាប់​ចាក់​គ្នា​ សម្លាប់​គ្នា​ ដណ្តើម​គ្នា​ធ្វើ​ធំ»។
ខណៈ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ រហូត​ដល់​មាន​គម្រោង​រំលាយ​គណបក្ស​សង្រ្គោះជាតិ សហគមន៍​អន្តរជាតិ​នានា​រួមមាន​សហភាព​អឺរ៉ុប​ បានសម្តែង​ក្តី​អាក់​អន់​ចិត្តអំពី​ការ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរនៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប្រតិភូ​សភា​សហភាព​អឺរ៉ុប​មួយ​ក្រុម​ បាន​ព្រមាន​អំពី​ចំណាត់​ការ​ខាង​ពាណិជ្ជកម្ម​មក​លើ​ប្រទេស​កម្ពុជា​ចំពោះ​ដំណើរ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។
គ្រា​មានការ​អំពាវ​នាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស្តារ​ឡើង​វិញ​នៃ​ស្ថាន​ភាព​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដែល​បាន​ធ្លាក់​ចុះដុនដាប​ គិត​ចាប់តាំង​ពី​ថ្ងៃ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស គណបក្ស​សង្គ្រោះជាតិ​ត្រូវ​អ្នក​សង្កេត​ការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ បាន​ប្រឈម​នឹង​ជម្លោះ​ផ្ទៃ​ក្នុង​។

លោក​ Sebastian Strangio អ្នក​និពន្ធសៀវ​ភៅ​មាន​ចំណង​ជើង​ថា​ «កម្ពុជារបស់​លោកហ៊ុន សែន»​ ឬ​ «Hun Sen’s Cambodia»​ បាន​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ ឬ​ Email កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​រំលាយគណបក្ស​ប្រឆាំង​ ដែល​ជា​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​បំណង​របស់​លោក​ ហ៊ុន សែន​ ដែល​ចង់​ឃើញ​បក្ស​កាន់​អំណាច​របស់​លោក​ លេច​ឡើង​មក​វិញ​ជាមួយ​ការ​គាំទ្រខ្លំាង​នៅ​ឆ្នាំ​ ២០១៨។​ លោក​បាន​ថ្លែងតាម​ន័យដើមថា៖
«អ្វីៗ​ដែល​លោក​ ហ៊ុន សែន​បាន​និយាយ បង្ហាញ​ថា​ គាត់​ចង់​ឲ្យគណបក្ស​សង្គ្រោះជាតិ​រលាយ ប៉ុន្តែ ការណ៍​នេះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​នោះ​ទេ​នៅ​ដំណាក់កាល​នេះ។ ដំណាល​គ្នានោះ​ គោល​បំណង​របស់​លោក​ហ៊ុន សែន​ គឺ​ធានា​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ លេច​ឡើង​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ជាមួយ​ការ​គាំទ្រ​ច្រើន​ជាង​មុន»។
ក្រៅ​ពី​ប្រឈម​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ខាង​ផ្លូវ​ច្បាប់​ និង​ទំនាស់​ផ្ទៃក្នុង​បក្ស​នោះ​ គណបក្ស​សង្គ្រោះជាតិ​ក៏​កំពុង​ប្រឈម​នឹង​ការ​ចាកចេញ​ជា​បណ្តើរៗ​ នៃ​សមាជិក​របស់​ខ្លួន​ទាំងនៅ​ក្នុង​រដ្ឋសភា និង​ក្នុង​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន។ ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ មិន​បាន​តាម​ដាន​លម្អិត​នៃ​ភាព​បែក​បាក់​ផ្ទៃ​ក្នុង​របស់​បក្ស​ប្រឆាំង​នោះ​ទេ។
ប៉ុន្តែ​លោក​ Sebastian ​បាន​ថ្លែង​ឲ្យដឹង​បន្តថា​ សម្ពាធ​ជាច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ក​ឲ្យ​មាន​ការ​ប្រេះស្រាំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ដែល​បាន​បង្កើត​ឡើង​ក្រោម​សម្ព័ន្ធភាព​រវាង​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា។ លោក​ Sebastian និយាយ​ថា​ ការ​ប្រេះ​ស្រាំនេះ​ គឺច្បាស់​ណាស់​ជា​ការ​ចង់​បាន​របស់លោក​ ហ៊ុន សែន។ លោក​បាន​ហៅ​ ការ​បង្ខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចុះ​ចូល​ ថា​ ជា​យុទ្ធសាស្ត្រ​ចាស់​ តែ​យុទ្ធសាស្ត្រ​នេះ​ មិន​មាន​ឥទ្ធិពល​ខ្លាំងក្លា នោះ​ទេ។ ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោត​ ដែល​គ្មានគណបក្ស​ប្រឆាំង​ចូលរួម​ លោក Sebastian ដែល​ជា​អ្នកវិភាគ​នយោបាយ​កម្ពុជា​និយាយ​ថា ការ​បោះឆ្នោត​នៅ​តែ​កើត​មាន​ឡើង​ដដែល​ ហើយ​គណបក្ស​ប្រជាជនកម្ពុជា​ នឹង​ឈ្នះ។ លោក​ថ្លែង​បន្ត​ថា​ បន្ទាប់​មក​សហគមន៍​អន្តរជាតិ​ នឹង​ធ្វើ​ការ​តវ៉ា​ថា​ «ការ​បោះឆ្នោត​នោះ​គ្មាន​ន័យ​អ្វី​ទាំង​អស់»។

ដោយ​ឡែក​ លោក​ ស្ទីវ ឆាបុត​ (Steve Chabot) ​សមាជិក​សភា​អាមេរិក​មក​ពី​រដ្ឋ​ អូហៃ​យ៉ូ​ (Ohio)​ ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ដើម​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​លោក​ ចំពោះ​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ នៅ​គ្រា​មាន​ការ​បង្ក្រាប​លើ​អ្នកនយោបាយ​ក្រុម​ប្រឆាំង​ និង​សារព័ត៌មាន​មុន​ការ​បោះឆ្នោត​។​
«​ពេល​ដែល​អ្នកហាម​ប្រាម​ គណបក្ស​ប្រឆាំង​ ចាប់​អ្នកប្រឆាំង​ដាក់​គុក​ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​សារព័ត៌មាន​ឯករាជ្យ​សម្រាប់​រឿង​រ៉ាវ​ពិត​ និង​ប្រាប់​រឿងរ៉ាវ​ទាំង​សង​ខាង​អំពីការ​បោះឆ្នោត​នោះ​ អ្នក​មិន​បាន​ធ្វើ​តាម​កាតព្វកិច្ច​ ដែល​គួរ​ធ្វើ​នោះទេ​ ដូច្នេះហើយ​ វាពិបាក​ណាស់​ ក្នុង​ការ​គិត​ថា​ ការ​បោះឆ្នោត​នេះ​ នឹង​មាន​លក្ខណៈ​យុត្តិធម៌​ ប្រសិន​បើ​ដំណាក់​កាល​មុន​ការ​បោះឆ្នោត​ មិន​យុត្តិធម៌​នោះ»។
បើ​រំឭក​អំពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៣ បរិយាកាស​មុន​ការ​បោះ​ឆ្នោត​នៅ​គ្រា​នោះ​ ត្រូវ​អ្នក​សង្កេត​ការណ៍​ការបោះឆ្នោត​និង​នយោបាយ​ក្នុង​ស្រុក​មើល​ឃើញ​ថា​ មាន​ភាព​តានតឹង​ ដោយ​ហេតុ​អតីតមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​ ត្រូវ​បាន​រដ្ឋាភិបាល​ព្យា​យាម​បង្ខាំង​មិន​ឲ្យ​ចូល​ប្រទេស​ គ្រា​ដែល​អ្នក​នយោបាយ​រូប​នេះ​ ប្រឈម​នឹង​ការ​ចាប់​ដាក់​ក្នុង​ពន្ធ​នាគារ ទាក់​ទិន​សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។
កម្តៅ​នយោបាយ​បាន​កើន​ឡើងកាន់​តែខ្លាំង​ ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ ឈ្នះ​អាសនៈ​ជិត​ពាក់​កណ្តាល​ នៅ​រដ្ឋសភា​ដែល​មាន​អាសនៈ​សរុប​ចំនួន​ ១២៣។ គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​នយោបាយ​តាម​បែប​ប្រជាធិប​តេយ្យ​ជាប់​គាំង​ជិត​មួយ​ឆ្នាំ។ តែ​ក្រោយ​ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ ដែល​មាន​ការ​ផ្តល់​តំណែង​កំពូល​ក្នុងសភា ការ​បែង​ចែក​គណៈកម្មការ​ជំនាញក្នុង​សភា​ និង​កំណែ​ទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ភាព​ជាប់​គាំង​នយោបាយ​នោះ​ក៏​បាន​បញ្ចប់​ទៅ​។
ទោះ​បី​អ្នកគាំទ្រគណបក្សប្រឆាំង​បាន​លើកឡើង​ថា ពួកគេមិន​ចូលរួមការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ប្រសិន​បើគ្មាន​គណបក្សសង្គ្រោះជាតិក៏ដោយ​ ក៏ពួកគេ​នៅបន្ត​តាមមើល​ស្ថានភាព​នយោបាយ​ ដែល​រមែង​តែ​ជួប​ភាព​តាន​តឹងនៅមុនការ​បោះឆ្នោត។​ លោក​ស្រី ហ៊ាង ងែត​ និយាយថា​ ប្រទេស​កម្ពុជា​ អាច​នឹងមានការកែទម្រង់​ថ្មីៗទៀត​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​មានឱកាសចូល​ប្រកួតក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ និង​បាន​ឈ្នះដឹកនាំប្រទេស​។ ប្រជាពលរដ្ឋ​ដែលជាម្ចាស់​ឆ្នោត​នៅខេត្តកណ្តាល​ និង​នៅរាជធានី​ភ្នំពេញ​មួយចំនួន​ ក៏​បាន​លើក​ឡើង​ថា​ ពួកគេមិន​ទាន់​ដឹង​ប្រាកដ​នៅឡើយទេថា​ នឹងមានការ​រំលាយ​គណបក្ស​ប្រឆាំង​ពិតមែននោះ ឬយ៉ាងណា​។ ពួកគេថា​ ប្រសិន​បើគណបក្សសង្គ្រោះ​ជាតិ​ត្រូវរំលាយ​មែននោះ គណបក្ស​កាន់អំណាចរបស់​លោកហ៊ុន សែន​ មុខ​ជា​នឹង​ឈ្នះ​ទោះជា​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ មាន​តិចតួច​ក៏ដោយ៕

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញទៅរដ្ឋាភិបាលអាមេរិកឲ្យដាក់ទណ្ឌកម្មលើក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ខ្លួន ហើយគណបក្សនេះប្រឈមមុខនឹងការរំលាយ។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែ កញ្ញា ដោយរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងប្រឈមមុខនឹងការរំលាយដោយ​អំណាចតុលាការកំពូល។
ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សនេះជំរុញឲ្យមានប្រតិកម្ម និង ការអំពាវនាវឲ្យ​មានការដាក់​ទណ្ឌកម្ម​ពីសហគមអន្តរជាតិ។
ជា​ការ​ឆ្លើយ​ត​ប​ទៅ​នឹង​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង​បែប​នេះ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ដឹកនាំ​ដោយ​លោក John McCain និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិ ២​រូប​ទៀត បាន​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​ណា​មួយ​លើ​ប្រទេស​នេះ។
ប្រធានគណៈ​កម្មការទំនាកទំនងការទេស លោក Robert Phillips Corker Jr. បានយល់ស្របទៅនឹងសំណើរ​របស់ក្រុមសមាជិកព្រឹទ្ធសភាទាំងបីរូប កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ដោយជំរុញទៅក្រសួងរតនាគា និងក្រសួងការ​បរទេស​អាមេរិឲ្យពិចារណា​ដាក់ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាក្នុងបញ្ជីមួយហៅថា SDN (Specially Designated Nationals) ឬជាបញ្ជីឈ្មោះមនុស្សដែលអាមេរិកកំណត់ចូលក្នុងបញ្ជីទណ្ឌកម្ម។
អ្នកវិភាគនយោបាយលោក អ៊ូ វិរៈ បានលើកឡើងនៅលើទំព័រ Twitter របស់លោកនៅថ្ងៃនេះថា បញ្ជី SDN គឺជាបញ្ហាធំមួយ ហើយវានឹងជះឥទ្ធិពលកាន់តែធំ។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងត្រឡប់ទៅរកការពិចារណាវិញ ហើយបញ្ឈប់រាល់ភាពឆ្គួតលីលា»។
ទាក់ទងនឹងបញ្ហានេះអ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព និង​ជា​អ្នក​ស្រាវជ្រាវ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ឈាង វណ្ណារិទ្ធិ បានលើកឡើងក្នុងបទសំភាសជាមួយវិទ្យុបារាំង​អន្តរ​ជាតិ​ថាការដាក់ទណ្ឌកម្មពីសហគមអន្តរជាតិ អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសប៉ះពាល់ដល់វិស័យ​កាត់​ដេរ​។
លោកបន្តថាបច្ចុប្បន្នដង្ហើមសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើការអនុគ្រោះពន្ធពីក្រៅប្រទេសជាពិសេសអាមេរិ និង អ៊ឺរ៉ុប ដូច្នេះការដាក់ទណ្ឌកម្មណាមួយលើសេដ្ឋកិច្ចកម្ពុជានោះនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៧០ម៉ឺននាក់​ដែល​ធ្វើលើវិស័យវាយនភណ្ឌកាត់ដេរ។
លោក ឈាង វណ្ណារិទ្ធិបន្តថាស្ថានការណ៍នយោបាយនឹងកាន់​តែធ្ងន់ធ្ងរ​នោះអន្តរជាតិនឹងលូកដៃចូលជាក់ស្ដែង ដែល​មិន​ត្រឹមតែ​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ​ អំណាចនីតិប្រតិបត្តិនៃប្រទេសមួយចំនួននៅសហគមអ៊ឺរ៉ុប​ក៏ប្រកាស​ជំហរដាក់ទណ្ឌកម្ម ហើយកម្ពុជានឹងជួបគ្រោះមហន្តរាយនាពេលខាងមុខ បើមិនដោះស្រាយវិបត្តិនយោបាយ​។
ស្ថានការណ៍នយោបាយកម្ពុជាត្រូវបានសហគមអន្តរជាតិចាត់ទុកថាធ្លាក់ចុះដុនដាប បន្ទាប់ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​លោក កឹម សុខាត្រូវបានចាប់ខ្លួន និង ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង​ធំ នេះពីសំណាក់​រដ្ឋាភិ​បាល។
ទាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​ប៉ុន​ប៉ង​រំលាយ​បក្ស​ប្រឆាំង សុទ្ធ​តែ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស ដោយ​ចាត់​ទុក​ជា​ការ​ធ្វើ​ឲ្យ​លំហូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​រួម​តូច និង​ដើរ​ថយ​ក្រោយ​ទៅ​វិញ។
សហគមន៍​អន្តរជាតិ​ថែម​ទាំង​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​មេ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​ទៀត​ផង។
ប្រទេស​ស៊ុយអែត​បាន​ព្រមាន​ថា ប្រទេស​នេះ​នឹង​ពិចារណា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា ប្រសិន​បើ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ពិត​ជា​ត្រូវ​បាន​រំលាយ​មែន​នោះ៕

មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​ថា អាជ្ញាធរ​ដើរ​លួង​ឲ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខែត្រ​ស្វាយរៀង​អះអាង​ថា អាជ្ញាធរ​ឃុំ​មកពី​បក្ស​កាន់អំណាច កំពុង​ធ្វើ​យុទ្ធនា​ការ​ដើរ​បញ្ចុះបញ្ចូល​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ ស្ទើរតែ​គ្រប់​ឃុំ​ទាំងអស់​នៅ​ខែត្រ​ស្វាយរៀង​ដោយ​សន្យាថា នឹង​រក្សា​ប្រាក់ខែ និង​តំណែង ប្រសិន​បក្ស​ជំទាស់​ត្រូវ​រំលា។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​យុទ្ធនាការ​នេះ ជា​សារ​គំរាមកំហែង​ផ្នែក​នយោបាយ និង​រំលោភ​អំណាច​តុលាការ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។
មន្ត្រី​មកពី​បក្ស​កាន់អំណាច នៅតែ​ព្យាយាម​បន្ត​ដើរ​បញ្ចុះបញ្ចូល​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ចូល​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូងស្គរ​ម្តង​ហើយ​ម្តងទៀត​ទទូច​អោយ ឲ្យ​មេឃុំ​-​ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ ចុះចូល​បម្រើ​បក្ស​ប្រជាជន​កម្ពុជា បើ​ចង់​រក្សា​ដំណែង​ឲ្យ​នៅ​ដដែល ក្រោយ​គណបក្សប្រឆាំង​ត្រូវ​រំលាយ​នោះ
សមាជិក​ក្រុមប្រឹក្សាឃុំ​ទួលស្តី ស្រុក​ចន្ទ្រា មក​ពី​បក្ស​សង្គ្រោះ​ជាតិ លោក ភំ ថាន ឲ្យ​ដឹងថា មេឃុំ​ទួលស្តី លោក ប្រាក់ ឌិន ព្យាយាម​បញ្ចុះបញ្ចូល​លោក​ដោយ​សន្យា​នៅ​រក្សា​តំណែង និង​ប្រាក់ខែ ប្រសិន​បក្ស​ប្រឆាំង​ត្រូវ​រំសាយ​មែន​នោះ។ លោក​ប្តេជ្ញា​ថា នឹងមិន​ចូល​បម្រើ​បក្ស​កាន់អំណាច​ដាច់ខាត បើទោះបីជា​ត្រូវ​អស់​តំណែង និង​ប្រាក់​ខែ​ក្តី ហើយ​លោក​នឹង​បន្តការងារ​ថ្មី ជា​អ្នក​រត់​ម៉ូតូ​ឌុប និង​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​ប្រសើរ​ជាង៖ «ឲ្យ​បញ្ចុះបញ្ចូល​ទៅ រក្សា​តំណែង នៅ​ថ្ងៃ​ខាងមុខ​គេ​រំលាយ​ហើយ។ ខ្ញុំ​ថា ខ្ញុំ​មិន​ខ្វល់​រឿង​តំណែង ឬ​មិន​តំណែង​ព្រោះ​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ឲ្យ។ អត់​មាន​បញ្ហា​ទេ បើ​អត់​តំណែង និង​ប្រាក់ខែ ក៏​ខ្ញុំ​រស់​ធម្មតា​ដែរ»។
ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​ទួល​ស្តី​មកពី​បក្ស​កាន់អំណាច លោក ប្រាក់ ឌិន បដិសេធ​យ៉ាងខ្លី​ថា លោក​មិនបាន​បញ្ចុះបញ្ចូល​សមាជិក​ក្រុមប្រឹក្សា​មកពី​បក្ស​សង្គ្រោះ​ជាតិ​នោះទេ៖ «អត់​ទេ ខ្ញុំ​មាន​ដែរ​បាន​ធ្វើ​អ៊ីចឹង​ទេ ខ្ញុំ​នៅតែ​កន្លែង​ចុះឈ្មោះ​បោះឆ្នោត»។
ពលរដ្ឋ​រស់នៅ​ខែត្រ​ស្វាយរៀង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចាត់ទុក​ចេតនា ចង់​រំសាយ​បក្សប្រឆាំង របស់​រដ្ឋាភិបាល គឺជា​ការដាក់​ទារុណកម្ម​ផ្លូវចិត្ត​ដល់​ពលរដ្ឋ និង​មន្ត្រី​បក្ស​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត លើ​ការ​ប្រ​កូត​ប្រជែង​ដោយ​ស្មើភាព​មក​លើ​បក្ស​កាន់អំណាច​មួយ​នេះ។ លោក​យល់​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះជាតិ​ចុះចូល​បម្រើ​បក្ស​កាន់អំណាច ហាក់ដូចជា លោក ហ៊ុន សែន ដឹង​មុន​ថា បក្សប្រឆាំង​នឹងត្រូវ​រំលាយ នៅ​គ្រា​ដែល​សំណុំ​រឿងនេះ​កំពុង​ឋិត​ក្នុង​កណ្តាប់ដៃ​តុលាការ។ បញ្ហា​នេះ​លោក​ចាត់ទុកថា លោក​ហ៊ុន សែន បាន​បំពាន​អំណាច​តុលាការ​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​ពលរដ្ឋ​កត់ចំណាំ​ថា ទង្វើ​របស់លោក​ហ៊ុនសែន គឺជា​ទង្វើ​អាក្រក់៖ «មិន​អស់​ចិត្តត្រង់​ថា ពលរដ្ឋ​ផ្តល់​សិទ្ធិ​ឲ្យ ហើយ​រដ្ឋាភិបាល​ធ្វើ​របៀបនេះ​ដូចជា ខ្ញុំ​មិន​យល់​ត្រង់​ថា គាត់​ចង់​ធ្វើបាប​ពលរដ្ឋ​ដល់​ណា​ទៀត បើ​ពលរដ្ឋ​គាត់​គាំទ្រ គំរាមកំហែង​។ ខ្ញុំ​ជា​ពលរដ្ឋ​មិន​គាំទ្រ​ទេ នាយករដ្ឋមន្ត្រី​ធ្វើ​របៀបនេះ»។
ខណៈ​ថ្ងៃ​ជំនុំជម្រះ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាន់តែ​ខិតជិត​ចូលមក​ដល់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កាន់តែខ្លាំង​ឡើង និង​ជា​ចំហរ​អោយ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចូល​បម្រើ​បក្ស​កាន់អំណាច។ លោក ហ៊ុន សែន ហាក់​មាន​ជំនឿ​ដឹង​មុន​តុលាការ​ច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ នៅ​ថ្ងៃទី១៦ វិច្ឆិកា​ខាងមុខ​ដោយ​តុលាការ​កំពូល ។
យ៉ាងនេះ​ក្តី​មន្ត្រីឃុំ​មួយចំនួន​មកពី​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ស្វាយរៀង សង្កត់ធ្ងន់​ថា បើ​រដ្ឋាភិបាល​រំសាយ​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ហាក់ដូចជា ការរំលាយ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ដែរ ព្រោះ​តំណែង និង​តួនាទី​របស់​មេឃុំ ការពារ​ដោយ​ច្បាប់​នេះ តាម​ប្រព័ន្ធ​សមាមាត្រ ហើយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​គួរតែ​រំលាយ​ដែរ ព្រោះ​គណៈកម្មការ​នេះ​បាន​ជ្រើសតាំង​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​កាន់​តំណែង តាម​អំណាច​សន្លឹក​ឆ្នោត
ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់​មាត្រា​១១ ចែងថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់​មាន​អាណត្តិ ៥ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ដែលមាន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​ចូលកាន់​តំណែង។
មន្ត្រី​អង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា អំណាច តុលាការ​គឺជា​អំណាច​ឯករាជ្យ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ពុំមាន​បុគ្គល​ណា​ម្នាក់ បំពាន​ស្ថាប័ន​នេះ​បានទេ តែ​យ៉ាងណា​លោក​ការបកស្រាយ​ណាមួយ​ដោយ​អ្នកកាន់អំណាច មុនពេល​តុលាការ​មិនទាន់​សម្រេច​ក្តី​គឺជា​សញ្ញា​បង្គាប់បញ្ជារ និង​គ្រប់​ដណ្តប់​លើ​អំណាចតុលាការ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន នគរបាល និង​យោធា គឺជា​មន្ត្រី​បំពេញ​កិច្ចការងារ​រដ្ឋ បម្រើ​ពលរដ្ឋ​គ្រប់រូប​ដោយ​ស្មើភាព ក៏ប៉ុន្តែ​បើ​មន្ត្រី​ទាំងនោះ យក​តួនាទី​ដើរ​បញ្ចុះបញ្ចូល​បម្រើ​ឲ្យ​បក្សនយោបាយ​ណាមួយ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ខុសច្បាប់៖ «គេ​មិនមាន​ឲ្យ​ធ្វើការ​ពាក់ព័ន្ធ​ការ​គំរាម​គំហែង និង​កា​រលូង​លោម​ទិញ​ទឹកចិត្ត​មានន័យថា ធ្វើ​របៀបនេះ​មិន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ទេ។ បើ​គណបក្ស​មួយ​មិនទាន់​រលាយ ទោះបី​ម្នាក់ទៀត​ដើរចេញ​ក៏ដោយ មាន​មន្ត្រី​ច្រើន​ទៀត សមាជិកភាព​ច្រើន​ទៀត​ដែល​ងើបឡើង​ក្នុង​បេក្ខជន​ហ្នឹង»។
ទោះយ៉ាងណា​មន្ត្រី​មូលដ្ឋាន​មកពី​បក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​ថា នឹង​បន្តធ្វើ​កិច្ចការ​តាម​តួនាទី នឹង​មិន​ភ័យព្រួយ​ចំពោះ​ការ​អំពាវនាវ របស់​លោក ហ៊ុន សែន នោះទេ។ ពួកគេ​ចាត់ទុក​ដំណែង​នេះ គឺ​ពលរដ្ឋ​ផ្តល់ជូន​តាម​អំណាច​សន្លឹក​ឆ្នោត និង​ធានា​ដោយ​ច្បាប់​ស្ដីពី​ការ​គ្រប់​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ហេតុនេះ​ការរំសាយ​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់លោក ហ៊ុន សែន គឺជា​ទង្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ៕

ប៉ូលិស​ខេត្ត​បាត់ដំបង​ឃាត់​រថយន្ត​ដឹក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​សង្គ្រោះជាតិ

មន្ត្រី​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង បាន​ឃាត់​រថយន្ត​ដឹក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន​៧​នាក់ របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​នេះ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ ដើម្បី​ទៅ​ចូលរួម​ប្រជុំ​ពង្រឹង​គណបក្ស​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ហើយ​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ទៅ​គោលដៅ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា។
មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ ប្រមាណ​២០០​នាក់ បាន​ទៅ​ជួបជុំគ្នា នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​បាត់ដំបង ដូច​ការ​គ្រោងទុក បើ​ទោះ​បី​ជា​មាន​សមត្ថកិច្ច​រារាំង​ដំណើរ​ពួកគាត់​នៅ​តាម​ផ្លូវ​ខ្លះ​ក៏ដោយ។
ប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង លោក ជា ជីវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ថា យ៉ាងហោចណាស់ មាន​ក្រុមប្រឹក្សា​គណបក្ស​មកពី​តាម​ឃុំ​សង្កាត់​ចំនួន​២០០​នាក់ បាន​ចូលរួម​ប្រជុំ ដើម្បី​ពង្រឹង​គណបក្ស​នៅ​ទីស្នាក់ការ​បក្ស​ខេត្ត។ លោក ជា ជីវ អះអាង​ទៀត​ថា ការ​ជួប​ជុំ​គ្នា​នេះ ដើម្បី​ត្រៀមខ្លួន​ជា​ធ្លុង​មួយ របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ការ​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ​ខាងមុខ៖ «ម្យ៉ាង​វិញ ដោយសារ​តែ​ព្រឹត្តិការណ៍​នយោបាយ ដែល​មាន​ការប្រើប្រាស់​ពាក្យ​សម្ដី អូសទាញ​សមាជិក​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ ខ្ញុំ​ត្រូវតែ​ជួប​ប្រជុំ​ពង្រឹង​ស្មារតី និង​កិច្ចប្រជុំ​ដែល​យើង​ត្រូវ​ធ្វើ​បន្ត»
ទោះជា​យ៉ាងណា​នៅ​ក្នុង​ការ​ជួបជុំ​នេះ សមត្ថកិច្ច​ខេត្ត​បាត់ដំបង មាន​ទាំង​ក្នុង​ឯកសណ្ឋាន​ប៉ូលិស​និង​ឯកសណ្ឋាន ស៊ីវិល​ជិត​១០​នាក់ បាន​ដាក់​ឃ្លាំមើល​នៅ​ជុំវិញ​ទីស្នាក់ការ​គណបក្ស ប៉ុន្តែ​មិនបាន​បង្ក​បញ្ហា​ដល់​ប្រជុំ​នោះ​ទេ។ ចំណែក​ឯ រថយន្ត​ដឹក​ក្រុម​ប្រឹក្សាឃុំ​មួយ​គ្រឿង ដែល​មាន​គ្នា​ចំនួន ៧​នាក់​មកពី​ស្រុក​រុក្ខគិរី ត្រូវ​ប៉ូលិស​ស្រុក​មួយ​នេះ ឃាត់​ជាប់ ធ្វើ​ឲ្យ​មិន​អាច​ទៅ​ចូលរួម​ប្រជុំ​បានទេ៖ «ហើយ​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ដំណើរ​ទៅ​ទេ ដោយសារ​មាន​សមត្ថកិច្ច​ស្ទាក់​រារាំង ហើយ​ឆែក​រក​ប័ណ្ណបើកបរ ដែល​ធ្វើ​ឲ្យ​យឺត​ពេល​ក្នុង​ការ​ធ្វើដំណើរ​របស់​ពួក​យើង​ខ្ញុំ»

ទាក់ទង​នឹង​បញ្ហា​នេះ​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ជេត វណ្ណី មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ចាំ​លោក​ឆែក​មើល​សិន ហើយ​ក៏​ផ្ដាច់​ទូរស័ព្ទ​ទៅវិញ ប៉ុន្តែ​ក្រោយមក​អាស៊ីសេរី បាន​ទាក់​ទៅ​លោក​ម្ដងទៀត​តែ​ពុំ​មាន​អ្នកទទួល៖ «ខ្ញុំ​សុំ​ឆែក​មើល​បាទ​ការ​នេះ ទាល់តែ​ឆែក​មើល​បន្តិច​បាន​និយាយ​កើត​បាទ»
មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កង សាវាង្ស លើក​ឡើង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ជួបជុំគ្នា ដើម្បី​ពង្រឹង​សមាជិក​គណបក្ស​របស់​ខ្លួន​នេះ គឺ​ពុំ​មាន​អ្វី​ខុសច្បាប់​ឡើយ។លោក​អះអាង​ទៀត​ថា ករណី​មាន​សមត្ថកិច្ច​រារាំង​ដំណើរ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ណាមួយ មិន​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​គណបក្ស​នោះ លោក ចាត់​ជា​ទង្វើ​ខុសច្បាប់៖ «ក្នុង​ការ​ប្រមូលផ្ដុំ​មាន​គ្រប់​គណបក្ស​នយោបាយ មិន​ថា​គណបក្ស​ណា​ទេ ដូច្នេះ​សិទ្ធិ​សេរីភាព​នេះ ក្នុង​ការ​ប្រើប្រាស់​អនុវត្តន៍​ឲ្យ​ស្មើៗ​គ្នា អត់​អាច​មក​អ្នក​នេះ​ធ្វើ​បាន​អ្នកនោះ​ធ្វើ​មិនបាន ឬក៏​ខុសច្បាប់ គឺ​អត់​មាន​ទេ លើកលែងតែ​អ្នកនោះ​ជួបជុំ​ដោយ​ប្រើ​អំពើ​ហិង្សា ក្នុង​ការ​ធ្វើ​កូដកម្ម​អី​ផ្សេងៗ បាន​គេ​ត្រូវ​ហាមឃាត់។ ហើយ​បើ​គ្រាន់តែ ជួបជុំ​គ្នា​ធម្មតា គឺ​អត់​មាន​ហើយ​ត្រូវ​មានការ​គាំពារ​ពី​អាជ្ញាធរ​ទៀត​ផង»
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង​លោក ជា ជីវ អះអាង​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​លោក ដែល​បាន​ចូលរួម​ប្រជុំ​ទាំងអស់​បាន​ប្ដេជ្ញា​ថា ពួកគេ​នឹង​បម្រើ​ឲ្យ​ដំបូល​ព្រះអាទិត្យ​ទៅ​មុខ​ទៀត ដោយ​មិន​លក់​ឧត្ដមគតិ​ទៅ​ជ្រក​ក្រោម​ដំបូល​ទេវតា​ឡើយ។ ម្យ៉ាងទៀត​លោក ថា សកម្មជន​គណបក្ស​ទាំងអស់​ក៏​ត្រៀម​ធ្វើ​យុទ្ធនាការ​ពង្រឹង​គណបក្ស​ឲ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេដង​ថែម​ទៀត​ដែរ៕