សេចក្ដីសម្រេចលេខ២៧៩ ផ្ដួចផ្ដើមដោយសមាជិកព្រឹទ្ធសភាអាមេរិកាំងបីរូប គឺលោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និងលោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពីថ្ងៃទី៣
ខែតុលា ឆ្នាំ២០១៧
ដើម្បីស្វែងរកដំណោះស្រាយជុំវិញវិបត្តិនយោបាយនៅកម្ពុជា ឥឡូវនេះ
ត្រូវបានដាក់បញ្ជូលទៅក្នុងកាលវិភាគលេខ ២៥៧
សម្រាប់លើកយកមកជជែកដេញដោលក្នុងសម័យប្រជុំព្រឹទ្ធសភាអាមេរិកាំងនាពេលខាងមុខនេះហើយ។
ប្រសិនបើអនុម័តសេចក្ដីសម្រេចលេខ ២៧៩
ស្ដីពីការគូសបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក
ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស
និងនីតិរដ្ឋនៅកម្ពុជានេះ តម្រូវឲ្យរដ្ឋាភិបាលអាមេរិក
ថ្កោលទោសជាផ្លូវការ
នូវរាល់ទម្រង់នៃអំពើហិង្សាផ្នែកនយោបាយក្នុងប្រទេសកម្ពុជា
និងជំរុញឲ្យមានការបញ្ឈប់នូវអំពើរំលោភសិទ្ធិមនុស្សនានា
ក្នុងប្រទេសនេះជាបន្ទាន់។ សេចក្ដីសម្រេចដដែលនេះ
ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ
និងការបំភិតបំភ័យនានាមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា
និងជំរុញឲ្យមាននូវបរិយាកាសមួយ ដែលលទ្ធិប្រជាធិបតេយ្យ អាចរីកចម្រើន
និងលូតលាស់ទៅមុខបានល្អ។
បន្ថែមពីលើនេះ សេចក្ដីសម្រេចដដែលនេះ
តម្រូវឲ្យក្រសួងរតនាគារអាមេរិកាំង
ពិចារណាដាក់បញ្ចូលរាល់ឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាទាំងអស់
ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិមនុស្ស និងនយោបាយ
ចូលទៅក្នុងបញ្ជីខ្មៅឈ្មោះជនបរទេសដែលត្រូវបង្កកទ្រព្យសម្បត្តិ
និងហាមប្រាមមិនឲ្យធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកាំង
ដែលហៅកាត់ថា «SDN»។
ចំណុចចុងក្រោយ នៃសេចក្ដីសម្រេច
ក្រៅពីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់
និងដោយឥតលក្ខខណ្ឌ សេចក្ដីសម្រេចលេខ ២៧៩នេះ
អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពសារព័ត៌មាន
និងសិទ្ធិរបស់ពលរដ្ឋក្នុងការជួបជុំ តវ៉ា
និងបញ្ចេញមតិនានាប្រឆាំងរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ
គាំទ្រឲ្យមានកិច្ចប្រឹងប្រែងកំណែទម្រង់ពាក់ព័ន្ធ
នឹងកិច្ចការបោះឆ្នោតនៅកម្ពុជា
និងគាំទ្រឲ្យមានមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ក្នុងឆ្នាំ២០១៨ ខាងមុខនេះ
ដែលត្រូវបានចូលរួមតាមដានពីសំណាក់អ្នកឃ្លាំមើលអន្តរជាតិ៕

No comments:
Post a Comment