Friday, February 17, 2017

អាស៊ាន​-ចិន​ផ្តោត​ខ្លាំង​ជាង​មុន​លើ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ COC ឆ្នាំនេះ

រូបឯកសារ៖ លោក Wang Yi (កណ្តាល) រដ្ឋមន្ត្រីការបរទេស​ចិន ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន នៅខេត្តយូណាន ប្រទេស​ចិន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។


សេចក្តី​ព្រាង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី​ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គេ​គិត​ថា​ នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន ​ក្នុងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ​ ទោះ​ជា​វិវាទ​នេះ​បាន​ថមថយ​ទៅវិញ​ បន្ទាប់ពី​មាន​កំណើន​នៃ​ភាព​តានតឹង​ក្តី។
ប្រទេស​ហ្វីលីពីន​នឹងធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្តូរ​វេន​នៅឆ្នាំនេះ​ ដែល​គេ​មើល​ឃើញ​ថា ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ និង​ការ​ធ្វើ​សេចក្តី​ព្រាង​គម្រោង ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី ​(COC) ​គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ។ ​មានការ​ពិភាក្សា​ជាច្រើន​កើតឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​និង​ការ​តាក់តែង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី មុន​ពេល​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស។
សេចក្តី​ព្រាង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី​ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គេ​គិត​ថា​ នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន ​ក្នុងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំនេះ​ ទោះ​ជា​វិវាទ​នេះ​បាន​ថមថយ​ទៅវិញ​ បន្ទាប់ពី​មាន​កំណើន​នៃ​ភាព​តានតឹង​ក្តី។
​លោក​ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​ថ្លែង​ថា​ប្រទេស​ហ្វីលីពីន​នឹង​មិន​បោះបង់​ចោល​ទេ​ ព្រោះ​វា​ជា​ផល​ប្រយោជន៍​ហ្វីលីពីន​ផង និង​ផល​ប្រយោជន៍​រួមរបស់​អាស៊ាន​ផង។
«អាច​មាន​លទ្ធភាព​ចេញ​រួច​ទាក់ទង​នឹងកិច្ច​ព្រមព្រៀង​ជា​គម្រោង ​Framework Agreement ​លើ​បញ្ហា ​ស៊ីអូស៊ី ​នៅ​តំបន់​យើងនេះ។ ​យើង​នៅចាំ​មើល​លទ្ធផល​នៃ​កិច្ចពិភាក្សា‍»។
លោក​បាន​អះអាង​ថា ​ស៊ីអូស៊ី​ក៏ជួយ​ដល់​ហ្វីលីពីន​ ចង​ប្រទេស​ដែល​មាន​ទំនាស់​កុំ​ឲ្យ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ​ឬ​យន្តការ​ហិង្សា​ណា​មួយ​ក្នុង​តំបន់។​ លោក​គិត​ថា ហ្វីលីពីន​នៅ​តែ​ជំរុញ​ស៊ីអូស៊ី។
លោក​ អាឆ្មាដ​ រីហ្ស៊ែល ​ព័ណាម៉ា ​(Achmad Rizal Purnama)​ លេខាទូត​ទី១​ នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា គោល​បំណង​នៃ​ការ​បង្កើត​ក្រមប្រត្តិបត្តិ​ស៊ីអូស៊ី​ គឺ​ដើម្បី​បញ្ជៀស​ជម្លោះ​ និង​បន្ថយ​ភាព​តានតឹង។
«ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​គឺជា​វិធី​តែមួយគត់​ដែល​អាស៊ាន និង​ចិន​អាច​ធ្វើការ​ជាមួយ​គ្នា​បាន ដើម្បី​ធានា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​ក្នុង​តំបន់‍»។
លោក​បាន​ថ្លែង​បន្ថែម​ថា​ សមាជិក​អាស៊ាន​កំពុង​រង់ចាំ​ការ​សម្រេច​របស់​ប្រធាន​ឬ ម្ចាស់​ផ្ទះ​ថា​ តើ​ចង់​ឃើញ​ការ​វិវត្តន៍​របស់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​ពិភាក្សា​យ៉ាង​ណា។​ តែ​លោក​ថា​ជាធម្មតា​ បញ្ហា​សមុទ្រចិន​ខាងត្បូង​តែងតែ​ស្ថិត​ក្នុង​កម្មវិធី​នៃ​កិច្ច​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល។
«តែ​ការ​រក​ដំណោះ​ស្រាយ​អំពី​ដែន​អធិបតេយ្យ​ដែល​មាន​ជម្លោះ​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ពាក់ព័ន្ធ ​ជា​ការពិត​គឺជា​បញ្ហា​ទ្វេភាគី ​វា​មិនមែន​ជា​បញ្ហា​ពហុភាគី​ ឬ​ជា​បញ្ហា​តំបន់​នោះ​ទេ‍»។
ប្រទេស​ចិន​ដូចជា​អាស៊ាន​ដែរ​ បាន​ប្តេជ្ញា​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពីឆ្នាំ​ទៅក្នុង​ប្រទេស​ឡាវ​ថា​ នឹង​បង្កើត​សេចក្តី​ព្រាង​គម្រោង​ក្រមប្រត្តិបត្តិ​នៅពាក់​កណ្តាល​ឆ្នាំ២០១៧​នេះ ដើម្បី​ឈាន​ទៅ​តាក់តែង​ក្រមប្រត្តិបត្តិ​ស៊ីអូស៊ី ​និង​បញ្ចប់​ជម្លោះ ​ទោះ​ជា​ការ​អះអាង​របស់​ចិន​នោះ​មិន​មាន​គេ​ជឿ​ថា​ ចិន​នឹង​គោរព​តាម​ ដូច​ចិន​មិន​គោរព​តាម​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​ (DOC) ​យ៉ាងណា​ក៏ដោយ។
កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ត្រូវគេ​រាយការណ៍​មក​ថា ​អាច​នឹង​រៀបចំ​កិច្ច​ប្រជុំ​អំពី​ការ​តាក់តែង​គម្រោង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី ​នៅក្នុង​ពេល​ឆាប់ៗ​ផងដែរ​ នៅពេល​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នឹង​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅក្នុង​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ខាងមុខ។ ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ធ្វើឡើង​ មុនពេល​ដែល​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​ប្រមុខរដ្ឋ ​និង​មេដឹកនាំ​ប្រទេស​ជួប​ប្រជុំ​គ្នា​នៅ​ចុងឆ្នាំ ​ដើម្បី​ពិភាក្សា​បញ្ហា​តំបន់​និង​បញ្ហា​សាកល​ជាដើម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន ​អាស៊ានបូក​ និង​កិច្ចប្រជុំ​កំពូល​អាស៊ី បូព៌ា​ជាដើម​នោះ។


 រូបភាព​ពី​លើ​អាកាស​បង្ហាញ​កប៉ាល់​បូម​ខ្សាច់​របស់​ចិន​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក Mischief Reef នៅ​តំបន់​ប្រជុំកោះ Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង។


បើតាម​ការអះអាង​របស់​លោកស្រី​ ស៊ីហូកុ ហ្គោតុ ​(Shihoko Goto)​ អ្នក​ស្រាវជ្រាវ​នៃ អង្គការ​តាក់តែង​គោល​នយោបាយ ​ឬមជ្ឈមណ្ឌល​ Woodrow Wilson Centerក្នុងរដ្ឋ ធានី​វ៉ាស៊ីនតោន​ បាន​ដាក់​សំណួរ​ចំពោះ​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស​ហ្វីលីពីន​របស់​អាស៊ាន​ ហើយ​សង្ស័យ​អំពី​តួនាទី​ចិន​ក្នុង​តំបន់។
«ដូច្នេះ​នៅពេល​ដែល​មាន​កិច្ចប្រជុំ​កំពូល​មួយទៀត​ដែលរំពឹង​ថា តើ​វាគ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​កិច្ចប្រជុំ​ ឬមួយ​វានាំ​ទៅដល់​លទ្ធផល​ជាក់ស្តែង?​ អ្វីទៅ​ជាលទ្ធផល​ជាក់ស្តែង​ទាំង​នោះ? ​លទ្ធផល​ជាក់ស្តែង​ គឺថា​ចិនត្រូវ​បញ្ឈប់​ការ​កសាង​សំណង់​ ហើយ​ជា​ការពិត​តម្រូវ​ឲ្យ​ទទួល​ស្គាល់​ការ​កាត់​សេចក្តី​របស់​តុលាការ​អន្តរជាតិ‍»។
លោកស្រី​បានបន្ថែម​អំពី​ក្តី​រំពឹង​ទុក​ដែល​កើត​ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថា៖
«ប្រសិន​បើ​កិច្ចប្រជុំ​កំពូល​ខាង​មុខ​នឹង​ពិភាក្សា​អំពី​ការ​ដាក់​កំហិត​ ឬ​ព្យាយាម​ធ្វើឲ្យ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ចូលជា​ធរមាន​ នោះ​គឺ​ជា​ក្តីរំពឹង​ដ៏ធំធេង​ចំពោះ​រឿង​នេះ។ ​តែខ្ញុំ​មិនគិត​ថា កិច្ច​ប្រជុំ​កំពូល​នោះ​នឹង​ត្រូវ​និយាយ​អំពីរឿង​នេះ​ជា​សំខាន់​ទេ‍»។
តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ហៅថា ​The Permanent ​Court ​of Arbitration ​បាន​កាត់​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​កាលពី​ពាក់​កណ្តាល​ឆ្នាំ២០១៦​កន្លងទៅ​ តែ​ចិន​មិន​បាន​ទទួល​យក​សាលដីកា​នោះ​ទេ​ដោយ​ចាត់​ទុក​ថា​ ដែន​អធិបតេយ្យ​របស់​ខ្លួន​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ជាង​២ពាន់​ឆ្នាំ​ហើយ។
បើតាម​អ្នក​ការ​ទូត​អាស៊ាន​ម្នាក់វិញ​បាន​អះអាង​ថា ប្រទេស​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំនេះ​ទំនង​ជា​នឹង​ដាក់​ឲ្យ​ជជែក​អំពី​រឿង​សមុទ្រ​ចិន​ខាងត្បូង​ខ្លះ​ដែរ ​ហើយនឹង​ធ្វើសេចក្តី​ថ្លែងការណ៍​ផង​ តែ​ក៏​មិន​រំពឹង​ថា​ នឹង​ធ្វើ​ឲ្យ​មាន​ការ​រង្គោះ​រង្គើរ​ដល់​ទំនាក់​ទំនង​ថ្មី​របស់​ហ្វីលីពីន​និង​ចិន​ ដែល​បាន​ធ្វើឲ្យ​ស្ថានការណ៍​ធូរស្រាល​ក្នុង​តំបន់​អាស៊ាន​នោះ​ដែរ។
ប្រទេស​អាស៊ាន​ទាំង១០ ​កំពុង​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC) ​ដែល​មាន​ស្រាប់ ​ទោះ​ជា​ភាគី​ចិន​មិន​បាន​គោរព​តាម​ជា​អចិន្ត្រៃយ៍​ក្តី។​ ប្រទេស​ដែល​មាន​ការ​ទាមទារ​កម្មសិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ហ្វីលីពីន វៀតណាម ​ម៉ាឡេស៊ី ​ព្រុយណេ ​និង​ដែនដី​តៃវ៉ាន់។
សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់ថា​ អាស៊ាន ​ដែល​រង​សម្ពាធ​ពីអន្តរជាតិ​ ជាពិសេស​មហា​អំណាច​ពិភពលោក​នោះ​ គឺជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​ទី៥ ​ក្នុង​ពិភពលោក ដែល​មាន​ផលិតផល​សរុប​រួមគ្នា​រហូត​ដល់​ទៅ​ជិត២​លានលាន​កន្លះ​ដុល្លារ។​ ប្រទេស​ទាំង​១០​នេះ​រួម​មាន​ កម្ពុជា ​ឥណ្ឌូនេស៊ី ​ឡាវ ​ភូមា ​ថៃ ហ្វីលីពីន​ សិង្ហបុរី ​ម៉ាឡេស៊ី ​ព្រុយណេ ​និង​វៀតណាម៕

សម្ព័ន្ធ​មិត្ត​អាមេរិក​មាន​សុទិដ្ឋិនិយម​អំពី​ដំណោះស្រាយ​នយោបាយ​ទៅ​លើ​ជម្លោះ​នៅ​ស៊ីរី

    រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ Rex Tillerson​ (កណ្ដាល) និង​រដ្ឋ​មន្ត្រី​ការប្រទេស​ជា​ច្រើន​     ទៀត​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​ចំនួន​២០ G-20 ថ្នាក់​រដ្ឋ​មន្ត្រី នៅ​ទីក្រុង​បោន ប្រទេស​អាល្លឺម៉ង់។

សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​និយាយ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​នឹង​លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​មក ពួក​គេ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ថា​សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​ដល់​ដំណោះស្រាយ​នយោបាយ​ទៅ​លើ​ជម្លោះ​នៅ​ប្រទេស​ស៊ីរី។
លោក ​Sigmar Gabriel​ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ Bonn ​ដែល​កិច្ចប្រជុំ​កំពូល ​G-20 ​កំពុង​ប្រព្រឹត្ត​ទៅ​ថា៖​ «អ្នក​ចូលរួម​ទាំងអស់​ចង់​រក​ដំណោះស្រាយ​នយោបាយ ​ដោយសារ​តែ​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​យោធា​តែ​ម្យ៉ាង ​មិន​អាច​នាំ​ឲ្យ​ឈាន​ទៅ​ដល់​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ»។
លោក ​Tillerson ​បាន​ជួប​ជា​លើក​ដំបូង​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់​បន្សំ​នានា ​ជាមួយ​នឹង​អ្នក​តំណាង​មក​បស្ចិម​ប្រទេស​ និង​ប្រទេស​អារ៉ាប់ ក៏​ដូចជា​ទួកគី។​
មុន​កិច្ចប្រជុំ​នោះ​ចាប់​ផ្តើម បណ្តា​មន្ត្រី​ការទូត​បាន​ព្យាយាម​ស្វែងរក​ការពន្យល់​បញ្ជាក់​អំពី​ថា​តើ​រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ បាន​កែប្រែ​គោល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ស៊ីរី​ ជាក់​ស្តែង​ទៅ​លើ​អនាគត​របស់​លោក​ប្រធានាធិបតី ​Bashar al-Assad​ ឬ​យ៉ាង​ណា។ ​
នៅ​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី លោក ​Barack Obama ​សហរដ្ឋអាមេរិក​បាន​ទទូច​ឲ្យ​លោក​ Assad ​ចុះ​ចេញ​ពី​តំណែង ​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​នឹង​រុស្ស៊ី ដោយសារ​តែ​រុស្ស៊ី​គាំទ្រ​មេដឹកនាំ​ស៊ីរី។
លោក ត្រាំ​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាងមុន​ជាមួយ​នឹង​រុស្ស៊ី ​ក្នុង​ការ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម៕

ពលរដ្ឋ​ខ្មែរ​និង​អាមេរិកាំង​មាន​ទស្សនៈ​ចម្រុះ​លើ​រដ្ឋបាល​របស់​លោក​ត្រាំ​ក្នុង​ពេល​ជិត​មួយ​ខែ​ដំបូង


   លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សម្លឹង​មើល​អ្នក​យក​ព័ត៌មានដែល​ចង់​សួរ​សំណួរ​ទៅកាន់​     
  លោក​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​សេតវិមាន នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ    ឆ្នាំ២០១៧។


ក្នុង​អំឡុង​ពេល​ជាង​​៣​សប្ដាហ៍​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ លោក ​ដូណាល់​ ត្រាំ​ ប្រជាពលរដ្ឋ​អាមេរិក ​និង​ពិភព​លោក បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​រូប​នេះ ដែល​អ្នក​ខ្លះ​ចាត់ទុកថា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក​ហើយក៏​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ដឹកនាំ​របស់​លោក។
ប្រធានាធិបតីថ្មី​របស់​អាមេរិក​គឺ​លោក ដូណាល់ ត្រាំ ដែល​បាន​ចូល​កាន់​ដំណែង​អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ​ចាប់តាំង​ពី​ថ្ងៃ​ទី២០ ខែ​មករា​មក​នោះ ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ទាំង​នៅ​អាមេរិកនិង​នៅ​ជុំវិញ​ពិភព​លោក​ ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​មួយ​ចំនួន​របស់​លោក​ដែល​គេ​នឹកស្មាន​មិន​ដល់។ យ៉ាងណាក៏ដោយ អ្នក​តាមដាន​នយោបាយសហរដ្ឋអាមេរិក​នៅ​កម្ពុជា​ យល់ថា​កម្ពុជា​អាច​រៀន​សូត្រ​ពី​ភាព​ច្របូកច្របល់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ត្រាំ។
ក្នុង​អំឡុង​ពេល​ជាង៣​សប្ដាហ៍​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ លោក ​ដូណាល់​ ត្រាំ​ ប្រជាពលរដ្ឋ​អាមេរិក ​និង​ពិភព​លោក បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​រូប​នេះ ដែល​អ្នក​ខ្លះ​ចាត់ទុកថា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក​ហើយក៏​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ដឹកនាំ​របស់​លោក។
ខណៈមាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ដឹកនាំ​របស់​លោក ត្រាំ​នេះ អ្នក​តាមដាន​នយោបាយ​អាមេរិក​នៅ​កម្ពុជា​ លើកឡើង​ថា​ កម្ពុជា​អាច​រៀន​សូត្រ​បាន​ច្រើន​ពី​ស្ថានការណ៍​ដ៏​ច្របូក​ច្របល់​ដែល​កំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​នេះ។​
 រូបឯកសារ៖ ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី ត្រាំ នៅ​ទីក្រុងញូវយ៉ក កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧។


មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក ​ដូណាល់ ត្រាំ ដែល​មិន​មាន​បទពិសោធន៍​នយោបាយ​ពី​មុន​ បាន​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ លោក​បាន​សម្រេច​ចេញបទ​បញ្ជា​ ​ហាមឃាត់​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ចំនួន​៧​ដែលមាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​ឥស្លាម​ មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ​ បទបញ្ជា​របស់​លោក​ត្រូវ​បាន​ទាត់ចោល​ដោយ​តុលាការ​សហព័ន្ធ​អាមេរិក ហើយ​ក្រុមហ៊ុន​ ធំៗ ​ដូចជា​ ក្រុមហ៊ុន Apple ​ក្រុមហ៊ុន Amazon ​និង​ក្រុមហ៊ុន​Google បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំងបទបញ្ជា​របស់​លោក​ប្រធានាធិបតី។
លោក ដូណាល់ ត្រាំ​ ដែល​ជា​សេដ្ឋី​អចលនទ្រព្យ និង​ល្បីល្បាញ​ខាង​ផ្ដួចផ្ដើម​គំនិត​ដែល​ពលរដ្ឋ​អាមេរិក​ភាគច្រើន​នឹក​ស្មាន​មិនដល់​ដូចជា​ ការ​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជន​ចំណាក​ស្រុក​ពី​បណ្ដា​ប្រទេស​ដែល​មាន​សង្គ្រាម​ គម្រោង​សាងសង់​ជញ្ជាំង​ខណ្ឌ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ីក និង​គម្រោង​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​លាន​នាក់​ចេញ​ពី​ទឹកដី​អាមេរិក​ជាដើម។
ភាព​ចម្រូង​ចម្រាស​ជា​ច្រើន ​ដែល​កំពុង​កើតមាន​ឡើង ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការវិវត្តន៍​ស្ថានការណ៍​សង្គម​ យល់ថា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ​
លោក Raymond R. Leos ជា​ព្រឹទ្ធបុរស​ និង​សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​នៃ​មហាវិទ្យាល័យ​ផ្នែក​ទំនាក់​ទំនង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ឲ្យ​ដឹង​ថា​ភាព​ចម្រូង​ចម្រាស​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ចុង​ក្រោយ​នេះ គឺ​ជា​មេរៀន​ល្អ​មួយ​សម្រាប់​កម្ពុជា​ និង​យុវជន​កម្ពុជា។​
«ហេតុនេះ​ យុវជន​គួរតែ​ក្រឡេក​ទៅ​មើល​ជ្រុង​នៃ​នីតិរដ្ឋ។ មិនថា​បុគ្គល​នោះ​ជា​អ្នកណា​ ហើយ​បុគ្គល​នោះ​មាន​តួនាទី​ជា​អ្វី​នោះ​ទេ​ គេ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។ ហើយ​តុលាការ​ក៏​ត្រូវ​សម្រេច​ចិត្ត​ទៅ​តាម​ច្បាប់​ដែរ​ មិនមែន​សម្រេចចិត្ត​ទៅ​តាម​នយោបាយ​នោះ​ទេ»។
លោក​ Raymond ​ ដែល​ជា​ជនជាតិ​អាមេរិក​ រស់នៅ​កម្ពុជា​អស់​រយៈពេល​ជាង​១០ឆ្នាំ​នេះ​ បន្ត​ថា​ ភាព​ប្រទាញប្រទង់​គ្នា​រវាង​ប្រធានាធិបតី​ និង​តុលាការ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​នេះ​ គឺជា​ចំណុច​ខ្លាំង​នៃ​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក។​
«មាន​ឧទាហរណ៍​ច្រើន​ណាស់​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ ដែល​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ គឺ​ផ្ទុយ​ទៅ​នឹង​ប្រធានាធិបតី​នោះ។ ហើយ​នេះ​គឺ​ជា​ចំណុច​ខ្លាំង​មួយ​នៃ​ប្រព័ន្ធលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក»។
លោក​បណ្ឌិត​ អៀ សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ Occidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក​ លើកឡើង​ថា​ យុវជន​កម្ពុជា​គួរ​តែ​ចាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋអាមេរិក។


លោក​ថា ​យុវជន​អាច​ស្វែង​យល់​ពី​ដំណើរការ​នៃ​ស្ថាប័ន​កំពូល​របស់​សហរដ្ឋអាមេរិក​ និងភាព​រឹងមាំ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​អាយុកាល​ជាង​២០០ឆ្នាំ​មក​ហើយ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ថា​ ពុំ​មាន​នរណា​ម្នាក់​មាន​អំណាច​ធំ​ជាង​ច្បាប់​នោះ​ទេ​ បើ​ទោះ​ជា​បុគ្គល​នោះ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ក៏ដោយ។
លោក ​ទី​ លីម​កុសល វ័យ​២៤​ឆ្នាំ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលបច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ កត់សម្គាល់​ឃើញ​ថា​ លោក ​ដូណាល់​ ត្រាំ​ ពិត​ជា​បាន​អនុវត្ត​តាម​គោល​នយោបាយ ​ដែល​លោក​បាន​ប្រកាស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពិតមែន។
ក៏ប៉ុន្តែ​ លោក លីមកុសល​ យល់ថា​ សកម្មភាព​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ​ បាន​បង្ក​ចលាចល​ដល់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​ធំ​នេះ​ទៅវិញ។​
«វា​ហាក់​ដូចជា​ ប្រទេស​អាមេរិក​ខ្លួន​ឯង​ដែល​ជា​បិតា​ប្រជាធិបតេយ្យ​កំពុង​តេស្ត​ទៅលើ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឯង​តេស្ត​ទៅ​លើ​ Check and Balance [តុល្យភាព​អំណាច] តើ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា»។
យុវជន​កម្ពុជា​រូប​នេះ​ មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​ច្របូក​ច្របល់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ដ៏​នឹក​ស្មាន​មិនដល់​របស់​លោក ដូណាល់ ត្រាំ។
«តែ​គ្រាន់​តែ​ថា​ អ្វី​ដែល​ខ្ញុំ​ឃើញ ហើយ​សោក​ស្តាយ​ ចំពោះ​រដ្ឋាភិបាល​អាមេរិក​ គឺ​ការ​ដែល​គាត់​ចេញ​ Policy ភ្លាមៗ ដែល​អត់​បាន​ធ្វើ​ការ​ថ្លឹង​ថ្លែង​ពី​ផល​ប៉ះពាល់ ​ឲ្យ​បាន​ស៊ីជម្រៅ។ ចឹង​ហើយ​បាន​យើង​ឃើញ​ គ្រាន់​តែ​ភ្លាម​ មាន​ប្រតិកម្ម​ពី​សាធារណជន​ប៉ុណ្ណា​ ហើយ​សូម្បី​តែ​ខាង​ប្រព័ន្ធ​តុលាការ​របស់​គាត់​ខ្លួន​ឯង​ ក៏​គេ​អត់​គាំ​ទ្រ​ដែរ»។
 រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (កណ្តាល) ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប៣៨ឆ្នាំនៃ​ការ​ដួលរលំ​របស់​របប​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។


លោក អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ យល់ថា នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ធានា​តុល្យភាព​នៃ​អំណាច​របស់​ស្ថាប័ន​កំពូលៗ​ទាំង​៣ដ៏​មាន​ប្រសិទ្ធភាព​ ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ណា​មួយ​អនុវត្ត​អំណាច​ផ្ដាច់ការ​នៅ​ក្នុង​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ។
«ទោះបី​ប្រធានាធិបតី​មាន​អំណាច​មែន​ ប៉ុន្តែ​មិន​អាច​មាន​អំណាច​លើស​ពី​ស្ថាប័ន២​ផ្សេង​ទៀត​ទេ​ គឺ​ស្ថាប័ន​សភា​ និង​តុលាការ។ នៅ​សហរដ្ឋអាមេរិក​គេ​ធានា​ធ្វើ​ម៉េច​ឲ្យ​ប្រធានាធិបតី​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន​ ប៉ុន្តែ​សម្រេច​ចិត្ត​ណា​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​គេ ឬ​ផ្ទុយ​ពី​ច្បាប់​ដែល​សភា​អនុម័ត​ គឺ​សភា​គេ​អាច​តវ៉ា​ដក​បាន គេ​អាច​ចេញ​ច្បាប់​រារាំង​បាន។ ហើយ​តុលាការ ក៏​អាច​ធ្វើ​ការសម្រេច​បដិសេធ​ការ​សម្រេច​របស់​ប្រធានាធិបតី​បាន»។
មួយ​ថ្ងៃ​ក្រោយ​ការ​ចូលកាន់​ដំណែង​របស់​លោក ដូណាល់ ត្រាំ​ ​ស្ត្រី​អាមេរិកាំង​រាប់​ម៉ឺន​នាក់​ដែល​មាន​ទាំង​តារា​ហូលីវូដ​ផង​នោះ បាន​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ​នានា​នៃ​សហរដ្ឋអាមេរិក​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ទាមទារ​ឲ្យ​លោក ដូណាល់ ត្រាំ គោរព​ស្ត្រី។
លោក អ៊ូ វីរៈ លើកឡើង​ថា​ ប្រជាពលរដ្ឋ​អាមេរិកាំង ជាទូទៅ​ហ៊ាន​សម្ដែង​មតិ​ដោយសារ​ពួកគេ​មាន​ទំនុក​ចិត្ត​ទៅលើ​ឯករាជ្យ​ភាព​នៃប្រព័ន្ធ​តុលាការ​ និង​មន្ត្រី​អនុវត្ត​ច្បាប់។
«មន្ត្រី​រាជការ​យើង​មិន​ឯករាជ្យ។ នៅ​ស្រុក​គេ ​មន្ត្រីរាជការ​មិន​អាច​ចូល​បក្ស​ ឬ​ត្រូវ​តែ​ឯករាជ្យ ឬ​មិន​អាច​ធ្វើ​តាម​គណបក្ស​នយោបាយ។ ​នៅ​គេ​ អ្នក​អនុវត្ត​ច្បាប់គឺ​គាត់​មិន​លម្អៀង​ ជាពិសេស​គឺ​តុលាការ។ ដូច្នេះ​ ម្នាក់ៗ​គេ​មិន​ខ្វល់​ទេ គែ​ទុកចិត្ត​តុលាការ គេ​ទុកចិត្ត​ចិត្ត​ខ្លឹមសារ​ច្បាប់​ គេ​ហ៊ាន ​សម្ដែង​មតិ​ ហើយ​គេ​មិនសូវ​ជា​បារម្ភ​ទេ»។
លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ការបែងចែក​អំណាច​ដាច់​ពី​គ្នា​រវាង​ស្ថាប័ន​ធំៗ​នៃ​សហរដ្ឋ​អាមេរិក​ និង​ការ​អនុវត្ត​ច្បាប់​ជា​ធំ​ដែលស្រប​តាម​ឆន្ទៈ​រាស្ត្រ​នេះ​ គឺ​ជា​មូលហេតុ​ដែល​ប្រទេស​នេះ​ អាច​ក្លាយ​ជា​ប្រទេស​មហាអំណាច។
លោក ​យឹម សុវណ្ណ​ ធ្វើ​ការ​ប្រៀប​ធៀប​ការ​ត្រួតពិនិត្យ​តុល្យភាព​អំណាច​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​យ៉ាង​ដូច្នេះ៖
«ប៉ុន្តែ​នៅ​កម្ពុជា​យើង​មិន​អញ្ចឹង​ទេ។ តុលាការ​មិន​ឯករាជ្យ ​តុលាការ​ក្រោម​អ្នក​នយោបាយ។ តុលាការ​ មិន​បាន​កាត់​សេ​ចក្តី​ប្រកបដោយ​យុត្តិធម៌​ទេ​ ជា​ពិសេស​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នយោបាយ។ ហេតុនេះ​ វា​ធ្វើ​ឲ្យ​កម្ពុជា​នៅ​តែ​ដើរ​ទៅ​មុន​មិន​រួច​ដោយសារ​តែ​ឧបសគ្គ​នៃ​កង្វះខាត​ចំណុច​ខ្សោយ​ជា​ច្រើន​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​ធំៗ»។
កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ពលរដ្ឋ​អាមេរិក ​បាន​បោះឆ្នោត​ឲ្យ​លោក​ ដូណាល់ ​ត្រាំ​ ​មក​ពី​គណបក្ស​សាធារណរដ្ឋ ​ធ្វើជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​អាមេរិក។ មហាសេដ្ឋី​អចលនទ្រព្យ​ លោក​ ដូណាល់​ ត្រាំ ​រូប​នេះ​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ បន្ត​ពី​លោក​ បារ៉ាក់​ អូបាម៉ា ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មករា។
 រូបឯកសារ៖ លោកប្រធានាធិបតី ត្រាំ អមដោយ​អ្នក​ស្រី Betsy DeVos រដ្ឋមន្ត្រីក្រសួង​អប់រំ​អាមេរិក ថ្លែង​ទៅកាន់​ឪពុកម្តាយសិស្ស និង​គ្រូបង្រៀន នៅ​ក្នុង​កិច្ច​ប្រជុំមួយ​ដែល​ធ្វើ​ឡើង​នៅ​សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។


បន្ទាប់​ពី​លោក​ ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ​មាន​បាតុកម្ម​ និង​ការ​តវ៉ា​ជាច្រើន​បាន​កើតមាន​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ អ្នក​ជំនិត និង​អ្នក​ដែល​លោក​ត្រាំ តែងតាំង​ឲ្យ​ធ្វើការ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថាមិន​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើការ​នៅ​ក្នុង​សេតវិមាន។
រដ្ឋបាល​របស់​លោក ត្រាំ​ ក៏​បាន​បង្កើត​ឲ្យ​មាន​ការសង្ស័យ​ថា​រដ្ឋបាល​នេះ​ មាន​ទំនាក់​ទំនង​លួចលាក់​ជាមួយ​ប្រទេស​រុស្សី​ ដែល​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក។​
លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដឹង​ថា​ ប្រតិកម្ម​របស់​ពលរដ្ឋ​ និង​តុលាការ​អាមេរិក​ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​លោក ដូណាល់ ត្រាំ​ តាំង​ពី​ដើម​អាណត្តិ​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ចម្លែក​មួយ​នៅ​សហរដ្ឋ​អាមេរិក។
«ជា​រឿង​ចម្លែក​មួយ​ដែល​សហរដ្ឋអាមេរិក​មាន​ប្រតិកម្ម​អញ្ចឹង។ ប្រធានាធិបតី​ខ្លះ​ កាន់​បាន​២ ​ឬ៣ឆ្នាំ​ទើប​មាន​ប្រតិកម្ម​ ហើយ​ប្រជាប្រិយភាព​ស្រុត​ចុះ។ ក៏ប៉ុន្តែ​ ត្រាំ ​ឡើង​ភ្លាម​ មាន​បញ្ហា​ភ្លាម។ ចឹង​យើង​ឃើញ​ហើយ​ថា​ ត្រាំ​ គាត់​ឡើង​ទៅ​ហាក់​ដូចជា​បដិវត្តន៍​ប្រឆាំង​នឹង​អ្វី​ដែល​ជា​ដំណើរការ​ ឬ​រដ្ឋបាល​របស់​សហរដ្ឋអាមេរិក។ យើង​ឃើញ​ចលនា​រាប់​សន្លឹក​ឆ្នោត​សារ​ជាថ្មី។ យើង​ឃើញ​ចលនា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ចលនា​ប្រឆាំង​នឹង​ប្រធានាធិបតី​ចូល​ស្បថ»។
យ៉ាងណាក៏ដោយ លោក​ថា​ ការ​អនុវត្ត​នៅ​សហរដ្ឋអាមេរិក​មិន​អាច​យក​មក​ប្រៀប​ធៀបនឹង​កម្ពុជា ឬ​ឲ្យ​កម្ពុជា​សិក្សា​រៀន​សូត្រ​តាម​បាន​នោះទេ​ ដោយសារ​ប្រទេស​ទាំង​២​មាន​របប​គ្រប់គ្រង​ដោយ​ឡែក​ពី​គ្នា ពោល​គឺ​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាម​បែប​សភានិយម រីឯ​សហរដ្ឋ​អាមេរិក​អនុវត្ត​តាម​បែប​ប្រធានាធិបតី​និយម៕




តុលាការសម្រេច​ឃុំ​ខ្លួន​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ តាម​បណ្ដឹង​លោក​ ហ៊ុន សែន

លោកគឹមសុខដែលជាអ្នកវិភាគនយោបាយនិងសង្គមចូលខ្លួនបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ តុលាការបានចោទលោកគឹម សុខ ពីបទ «បទបរិហាកេរ្តិ៍ ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម» តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ 


លោក លី សុផាណា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ VOA តាម​បណ្ដាញ​សង្គម Telegram ថា ក្រោយ​ពី​បាន​បញ្ចប់​នីតិវិធី​សាកសួរ​លើក​ដំបូង​និង​ពិភាក្សា​ដេញដោល​រួច​មក ចៅ​ក្រម​ស៊ើបសួរ​ បាន​​សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ បណ្ដោះ​អាសន្ន​ តាម​ការ​​ចោទ​របស់​ព្រះរាជអាជ្ញា​ពី​បទ«បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម»។
សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ នៅ​ពន្ធនាគារ​ព្រៃស ​ពី​បទ​ «បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម» តាម​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នេះ​បើ​យោង​តាម​មន្ត្រី​តុលាការ ដែល​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។
អ្នក​វិភាគ​នយោបាយ​ លោក​ គឹម សុខ ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្ដឹង​ដោយ​ចោទ​ថា ​បាន​អធិប្បាយ​លើ​ឃាតកម្ម​របស់​អ្នក​វិភាគ​នយោបាយ លោក កែម ឡី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិ​យស​ និង​កិត្តិសព្ទ​របស់​គណបក្ស​កាន់​អំណាច​នោះ បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា។
លោក លី សុផាណា ព្រះរាជអាជ្ញា​រង​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ VOA តាម​បណ្ដាញ​សង្គម Telegram ថា ក្រោយ​ពី​បាន​បញ្ចប់​នីតិវិធី​សាកសួរ​លើក​ដំបូង​និង​ពិភាក្សា​ដេញដោល​រួច​មក ចៅ​ក្រម​ស៊ើបសួរ​ បានសម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ បណ្ដោះ​អាសន្ន​ តាម​ការចោទ​របស់​ព្រះរាជអាជ្ញា​ពី​បទ«បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម»។
លោក លី សុផាណា ​បញ្ជាក់​បន្ថែមថា លោក គឹម សុខ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។
លោក លី សុផាណា អះអាង​ថា តុលាការបាន​ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី។
លោក​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ដូចនេះ​ថា៖ «ជន​ត្រូវ​ចោទ ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ បើ​មិន​សុខ​ចិត្ត​នឹង​ចំណាត់​ការ​ឬ​ការ​សម្រេច​របស់​សាលាដំបូង»។
នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក គឹម សុខ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ចេញ​ពី​វត្ត​ពោធិយារាម​ហៅ​វត្តចាស់​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ដោយ​មាន​ការ​ចូលរួម​ពីព្រះសង្ឃ​និង​ពលរដ្ឋ​ជា​បន្តបន្ទាប់រាប់​រយ​នាក់។
​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​នេះ ត្រូវ​បាន​អាជ្ញាធរ​បានរារាំង​ មុន​ពេល​ពួកគេ​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក។
ក្រោយ​ការ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង ដោយ​ពុំ​មាន​មេធាវី លោក គឹម សុខ ត្រូវ​គេ​ជឿ​ថា​ត្រូវ​បាន​អាជ្ញាធរ​ដឹក​ចេញ​ពី​តុលាការ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​នៅ​ម៉ោង​ប្រមាណ​៣​និង​២០នាទី​រសៀល។
រថយន្ត​នគរបាល​ចំនួន​២​គ្រឿង​បាន​បើក​ចេញ​ពី​តុលាការ​តាម​ច្រក​ទ្វារ​ចេញចូល​ទាំង​២ក្នុង​ពេល​ដំណាល​គ្នា ធ្វើ​ឱ្យ​អ្នក​ចូលរួម​តាមដាន​មិន​អាច​ដឹង​ថា​លោក​ គឹម សុខ ត្រូវ​បាន​នគរបាល​ដឹក​ចេញ​តាម​រថយន្ត​ណា​មួយ​នោះ​ទេ។
ពលរដ្ឋ​មួយ​រូប​ដែល​បាន​ចូលរួម​តាមដាន​ និង​ស្រែក​តវ៉ា​គឺ​អ្នក​ស្រី ស្រី នី អាយុ​៤៣​ឆ្នាំ អះអាង​ថា អ្នកស្រី​បាន​ធ្វើ​ដំណើរ​តាំង​ពី​ខេត្ត​សៀមរាប ដើម្បី​មក​គាំទ្រ​និង​លើក​ទឹកចិត្ត​ដល់​លោក គឹម សុខ។
អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា អ្នកស្រី​បាន​ស្គាល់​លោក ​គឹម សុខ តាមរយៈ​ការ​វិភាគ​របស់​លោក​លើ​បណ្ដាញ​សារព័ត៌មាន ហើយ​អ្នកស្រី​ជឿ​ថា លោក គឹម សុខ មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។
អ្នកស្រី ស្រី នី សម្ដែង​ការ​ខកចិត្ត​ដែល​តុលាការ​សម្រេច​ចិត្ត​ឃុំ​ខ្លួន​លោក​គឹម សុខ។
ទោះ​ជា​យ៉ាង​ណា អ្នកស្រី​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ទម្លាក់​ចោល​ពាក្យ​បណ្ដឹង​របស់​លោក។
«ខ្ញុំ​សង្ឃឹម​ថា សម្ដេច​គាត់​នឹង​ដក​ពាក្យ​បណ្ដឹង​នេះ​ចេញ​វិញ។ ខ្ញុំ​អរគុណ​គាត់​ទុក​ជាមុន»។
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា អ្នកស្រី យិន ស្រ៊ិន ដែល​បាន​ចូលរួម​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ​នោះ បាន​ប្រាប់​ VOA ថា អ្នកស្រី​មក​តុលាការ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​លោក គឹម សុខ ក៏​ដូចជា​ទាមទារ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​លោក ​គឹម សុខ។
«ចឹង​ហើយ​បាន​ជា​ខ្ញុំ​ ពួក​ខ្ញុំ​ទាំងអស់​គ្នា​ដើម្បី​ឱ្យ​គាត់​មាន​កម្លាំង​ចិត្ត​តស៊ូ កុំ​ភ័យ​ កុំ​ខ្លាច។ ប្រជាពលរដ្ឋ​រាប់​លាន​ដើម្បី​តស៊ូ​គាត់ គាំទ្រ​គាត់ ដើម្បី​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​គ្នា»។
អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ ដែល​បាន​តាមដាន​ករណី​នេះ​ប្រាប់​ VOA នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា លោក គឹម សុខ បាន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​តាម​ការ​ចូលខ្លួន​បំភ្លឺ។
លោក​បន្ត​ថា រដ្ឋាភិបាល និង​តុលាការ​ក៏​ត្រូវ​ផ្ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​លោក គឹម សុខ វិញ ដោយ​ការ​រក​ការ​ពិត​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ជាប់​ទាក់ទង​នឹង​ករណី​បណ្ដឹង​នេះ។
«បើ​ចោទ​ប្រកាន់​ត្រូវ ទាល់តែ​គាត់​និយាយ​ខុស​ពី​ការពិត។ ដូច្នេះ​គេ​ត្រូវ​រក​ការ​ពិត​សិន រួច​ការ​ពិត​ទាំង​អស់។ មិនមែន​តែការពិត​ថា ជួប សម្លាប់ ហ្នឹង​វា​សម្លាប់​លោក​បណ្ឌិត​កែម ឡី ប៉ុណ្ណឹង​ទេ»។
​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ប្ដឹង​ទារ​លុយ​ពី​លោក គឹម សុខ ចំនួន​៥០០០០០​ដុល្លារ​ចំពោះ​ការ​អធិប្បាយ​របស់​លោក​ ដែល​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក​ កែម​ ឡី។
ក្រៅពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ក៏​បានប្ដឹង​លោក​ គឹម សុខ​ មួយ​ករណី​ទៀត ដោយ​អះអាង​ថា លោក​ គឹម​ សុខ​ បាន​ធ្វើ​ការ​អធិប្បាយ​ក្នុង​វិទ្យុ​ក្នុង​ស្រុក​មួយ​ថា ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ មិន​រក​មុខ​ឃាត​កពិត​សម្លាប់​លោក​ កែម ឡី​ លោក​ ជា​ វិជ្ជា​ ព្រះ​សង្ឃ​ សម​ ប៊ុន​ធឿន​ ​និង​លោក​ឈុត​ វុទ្ធី​ ជា​ដើម។
លោក​ ហ៊ុន​ សែន​ បាន​ទាមទារ​ប្រាក់​ពី​លោក​ គឹម សុខ​ ​ចំនួន​១០​លាន​រៀល សម្រាប់​ពាក្យ​បណ្ដឹង​ទីពីរ​នេះ។
ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្ដឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​លោកស្រី ថាក់ ឡានី ទៅលើ​ការ​អត្ថាធិប្បាយ​របស់​ពួកគេ​ដែល​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក កែម ឡី៕

Saturday, February 11, 2017

ថៃបង្កើត App មួយសម្រាប់ជួយពលករ ជាពិសេសស្រីៗ ដែលធ្វើការក្រៅស្រុក ទុកសម្រាប់ទាក់ទងពេលជួបបញ្ហាផ្សេងៗ

កម្មវិធី​ទូរស័ព្ទ​ថ្មី​មួយ​ត្រូវបាន​ណែនាំ​ឱ្យប្រើ​ប្រាស់​ដើម្បី​ជួយ​ស្ត្រី​ថៃ​ដែលមាន​គម្រោង​រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស​ឬក៏​នៅក្រៅ​ស្រុក​ស្រាប់​។​
​ ​លោក Lertpanya Buranabundit អគ្គនាយក នាយកដ្ឋាន​កិច្ចការនារី​និង​អភិវឌ្ឍន៍​គ្រួសារ​បាន​និយាយថា ប្រជាជន​ថៃ​កាន់តែច្រើន​កំពុង​ចាក​ចេញពី​ប្រទេស​ដើម្បី​សិក្សា ធ្វើការ​ឬក៏​រៀបការ​ជាមួយ​ជនបរទេស ហើយ​កម្មវិធី​ថ្មី​នេះ​នឹង​ជួយ​ដល់​ស្ត្រី​ថៃ​ឱ្យ​ចេះ​រៀបចំខ្លួន​និង​សម្រប​ខ្លួន​។​
​    ​គាត់​បាន​ណែនាំ​កម្មវិធី "Yingthai" កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​អំឡុង​វគ្គ​ហ្វឹកហ្វឺន​ដែល​ធ្វើឡើង​ដោយ​នាយកដ្ឋាន​។​
​    ​គាត់​បាន​និយាយទៀតថា "Yingthai" នឹង​ផ្តល់នូវ​ព័ត៌មាន​មាន​សារៈសំខាន់​នៅលើ​បណ្តាញ​ផ្តល់​ការជួយ​នៅ​ប្រទេស​ដទៃ ផ្នែក​ច្បាប់ គន្លឹះ​យល់ដឹង​ផ្នែក​វប្បធម៌ លេខ​ទំនាក់ទំនង គន្លឹះ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ទៅ​ក្រៅប្រទេស ដំបូន្មាន​អំពី​របៀប​រស់នៅ និង​ព័ត៌មាន​អំពី​អង្គការ​ថៃ​នៅ​ប្រទេស​ដទៃ​។​
​    ​លោក​បាន​បន្តថា ចំពោះ​អ្នក​ដែលមាន​បញ្ហា​ហើយ​ត្រូវការ​ជំនួយ​នៅ​ប្រទេស​ដទៃ ពួកគេ​អាច​ប្រើប្រាស់​កម្មវិធី​ដើម្បី​ស្វែងរក​ព័ត៌មាន​មាន​អត្ថប្រយោជន៍​គ្រប់​ទីកន្លែង និង​គ្រប់ពេល​។​
​    ​កម្មវិធី​នេះ​មាន​ដាក់ឱ្យ​ទាញយក​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ IOS និង Android៕

ការសិក្សា៖ ស្រាក្រហម ១​ កែវស្មើការហាត់ប្រាណ ១ ម៉ោង

​អ្នក​ចូលចិត្ត​ស្រាក្រហម​អាច​នឹង​សប្បាយចិត្ត​នៅពេល​អាន​អត្ថបទ​នេះ ដោយសារ​ការស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា​ផឹកស្រា​ក្រហម​មួយ​កែវ​ស្មើនឹង​ការហាត់​ប្រាណ ១ ម៉ោង​។​
​    ​ការសិក្សា​នេះ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា បានឱ្យដឹងថា​ស្រាក្រហម​មាន​ផ្ទុក​សារធាតុ​មួយចំនួន​ហៅថា Resveratrol ដែល​ស្មើនឹង​រាងកាយ​របស់​អ្នកធ្វើ​លំ​ហាត់ប្រាណ​។​
​    ​សារធាតុ Resveratrol គឺ​សំដៅ​ទៅលើ​ស្បែក​របស់​ទំពាំងបាយជូ​រ​ក្រហម ផ្លែ​បឺ​រី​ខៀវ ពពួក​សណ្ដែក និង​បឺ​រី​ផ្សេងទៀត​។ វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ប្រសិទ្ធភាព ដែល​ការពារ​ដំណាំ​ទាំងនោះ​ពី​គ្រោះថ្នាក់​បរិស្ថាន​នានា​។ ហើយ​ស្បែក​របស់​ទំ​ពាំ​បាយ​ជូរ​មាន​សារធាតុ​នេះ​ច្រើន ដែល​អាច​រក្សា​ផ្លែ​នេះ​ពី​ការ​ខូច​ដោយសារ​ពន្លឺព្រះអាទិត្យ និង​ជំងឺផ្សិត​៕